ជឿជាក់ថា មហាជនខ្មែរប្រាកដជាបានជ្រាបហើយអំពីព្រឹត្តិការណ៍«សំណេរអង្គរ» លើទឹកដីខេត្តសៀមរាប ដែលប្រារព្ធឡើងដំបូងក្នុងឆ្នាំ ២០២៤ និងបន្តប្រាព្ធឡើងជាលើកទី ២ ក្នុងឆ្នាំ ២០២៥ទៀត។ យ៉ាងណា អ្នកគ្រប់គ្នាប្រហែលជាមិនបានជ្រាបទេអំពីព្រឹត្តិការណ៍ប្រឡងសំណេរដ៏ធំ ដំបូងគេបំផុតរបស់ពិភពលោក គឺបានរៀបចំឡើងដោយប្រទេសបារាំង កាលពីឆ្នាំ ២០២៣។
នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ប្រទេសបារាំងបានរៀបចំព្រឹត្តិការណ៍ប្រកួតសរសេរតាមអានដ៏ធំ បំផុតក្នុងប្រវត្តិសាស្រ្តខ្លួន ដែលហៅថា «La Dictée Geante — ឬ Giant Dictation»។ ការប្រឡងនេះគឺបានធ្វើឡើងនៅលើដងវិថី Champs-Élysées ដ៏ល្បីនិងជាផ្លូវពាណិជ្ជកម្មដ៏មមាលញឹកមួយ ប្រចាំទីក្រុងប៉ារីស ប្រទេសបារំាង។
ក្នុងព្រឹត្តិការណ៍នោះ មានអ្នកដាក់ពាក្យចូលរួមប្រឡងរហូតដល់ជាង ៥០,០០០នាក់។ តែយ៉ាងណា មានតែបេក្ខជន៥ ០០០នាក់ ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើស។ ក្នុងចំណោមនោះ គេក៏បានជម្រុះបេក្ខជន នៅសល់តែ ១ ៦៥០នាក់ ឲ្យមកចូលរួមការប្រឡង។ ខណៈបេក្ខជនប្រឡង មានអាយុចាប់ពី១០-៩០ឆ្នាំផងដែរ។ ជាលទ្ធផលបញ្ចប់ការប្រឡង បេក្ខជនឯកចំនួន ១ ៣៩៧ នាក់ ត្រូវបានកត់ត្រាក្នុងបញ្ជីត្រាហ្គោណែសពិភពលោកផងដែរ។
សូមជម្រាបថា នៅលើទឹកដីប្រទេសកម្ពុជា ព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ ប្រារព្ធឡើងនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅលើស្ពានហាលផ្នែកខាងលិច របស់ប្រាសាទអង្គរវត្ត នឹងមានបេក្ខជនចូលរួមប្រមាណ១២២០នាក់។ បេក្ខជនទាំងនោះ មានទាំងកុមារចាប់ពីអាយុ៦ឆ្នាំឡើងទៅ រហូតដល់មនុស្សចាស់ ដែលមានវ័យដល់៨០ឆ្នាំ។ ក្នុងនោះដែរក៏មានព្រះសង្ឃចូលរួមចំនួន៨២អង្គ ជនបរទេសរៀនភាសាខ្មែរមួយចំនួន ព្រមទាំងអនិកជនខ្មែរដែលរស់នៅបរទេសខ្លះទៀតផង៕










