សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី១៩ ខែមករា កម្មវិធី TikTok នៅសហរដ្ឋអាមេរិកបានបិទជាផ្លូវការ ខណៈពលរដ្ឋនៅទីនេះមិនអាចចូលប្រើប្រាស់កម្មវិធីនេះបានទៀតឡើយ។ ទោះជាយ៉ាងណាបន្ទាប់ពីបិទអស់រយៈពេល ១២ ម៉ោងនៅថ្ងៃទី២០ ខែមករា កម្មវិធី TikTok ក៏បានបើកដំណើរការឡើងវិញដោយសារមូលហេតុទាំងនេះ។.png)
យោងតាម NBC News ការបើកដំណើរការឡើងវិញត្រូវបានចាត់ទុកថាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ព្រោះកាលពីថ្ងៃទី១៩ ខែមករា កម្មវិធី TikTok រួមជាមួយនឹង Lemon8 និង CapCut ដែលជាកម្មសិទ្ធិរបស់ ByteDance ក៏ត្រូវបានលុបចេញពី App Store និង Google Play Store របស់អាមេរិកផងដែរ។.png)
ប៉ុន្តែនៅថ្ងៃដដែលនោះលោក Donald Trump បានផ្តល់ការធានាដល់ក្រុមហ៊ុន ដោយបាននិយាយថា លោកនឹងពន្យារពេលការហាមឃាត់នៅលើ TikTok មួយរយៈទៀត ប្រសិនបើអាមេរិកបានកាន់កាប់ ៥០% នៃ TikTok នោះលោកនឹងស្តារសេវាកម្មនេះឡើងវិញ ហើយនឹងអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូចជាង ៧ លានរីកចម្រើនបន្តទៅមុខទៀត។ ជាមួយគ្នានោះ TikTok ក៏បាននិយាយដែរថា “យើងនឹងធ្វើការជាមួយលោក Trump ដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែង”។.png)
មិនយូរប៉ុន្មានកម្មវិធីក៏បានបើកដំណើរការឡើងវិញ ដែលនេះត្រូវបានគេចាត់ទុកថាជាដំណឹងល្អសម្រាប់មនុស្សរាប់លាននាក់ ជាពិសេសអ្នកដែលកំពុងប្រើប្រាស់កម្មវិធីនេះជារៀងរាល់ថ្ងៃដើម្បីតាមដានព័ត៌មាន កម្សាន្ត និងរកស៊ីជាដើម។ គួរបញ្ជាក់ដែរថា TikTok បច្ចុប្បន្នមានអ្នកប្រើប្រាស់ ១៧០ លាននាក់នៅក្នុងសហរដ្ឋអាមេរិក ដែលស្មើនឹងពាក់កណ្តាលនៃចំនួនប្រជាជន និងជាដៃគូដ៏សំខាន់របស់អ្នកផ្តល់សេវានៅក្នុងការផ្ទុកទិន្នន័យ កម្មវិធី ឬសេវាកម្មទីផ្សារ។
គួររំលឹកដែរថា កាលពីខែមេសា ឆ្នាំ ២០២៤ លោក Joe Biden បានចុះហត្ថលេខាលើច្បាប់ការពារជនជាតិអាមេរិកពីកម្មវិធីដែលគ្រប់គ្រងដោយបរទេស (PAFACA) ដោយសារតែបារម្ភថាក្រុមហ៊ុនកំពុងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិអាមេរិកជាមួយរដ្ឋាភិបាលចិន។ ដូច្នេះអាមេរិកក៏ហាមប្រាម TikTok មិនឱ្យដំណើរការមុនថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥៕










