សហរដ្ឋអាមេរិក ៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានប្រកាសហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ក្រហម (FD&C Red No.3) ក្នុងចំណីអាហារ និងថ្នាំរបស់អាមេរិក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៧ តទៅ ពីព្រោះសារធាតុនេះនឹងបង្កជំងឺមហារីក ។ អាមេរិកបានរកឃើញសារធាតុនេះនៅក្នុងចំណីអាហារជាច្រើននាពេលបច្ចុប្បន្ន ដូចជា ៖ ស្ករគ្រាប់ និងថ្នាំផ្តាសាយ ។.png)
សារព័ត៌មានអាមេរិករាយការណ៍ថា សារធាតុពណ៌ក្រហម ត្រូវបានប្រើប្រាស់ក្នុងចំណីអាហារជាច្រើនប្រភេទនៅអាមេរិក ដូចជា ៖ ស្ករគ្រាប់ ដែលផលិតដោយក្រុមហ៊ុន Ferrara Candy, គ្រាប់ស្ករល្អិតៗសម្រាប់រោយលើនំ ផលិតដោយក្រុមហ៊ុន Betty Crocker និងផលិតផលអាហារបំប៉នក្លិនស្ត្របឺរី ម៉ាក Ensure ជារបស់ក្រុមហ៊ុន Abbott Laboratories ។
ក្រៅពីនេះ អាជ្ញាធរក៏បានរកឃើញសារធាតុពណ៌ក្រហមក្នុងថ្នាំមួយចំនួនផងដែរ ដូចជា ៖ ថ្នាំ Vyvanse របស់ក្រុមហ៊ុន Takeda Pharmaceutical Co. ដែលថ្នាំនេះសម្រាប់ព្យាបាលអ្នកជំងឺពាក់ព័ន្ធនឹងអារម្មណ៍, ថ្នាំព្យាបាលការក្រហល់ក្រហាយលើដើមទ្រូង និងចុងដង្ហើម ជារបស់ក្រុមហ៊ុន Costco Wholesale Corp. និងក្រុមហ៊ុន Rite Aid Corp. ។
សមាគមផលិតនំចំណីជាតិអាមេរិកបញ្ជាក់ថា សុវត្ថិភាពចំណីអាហារ គឺក្រុមហ៊ុនផលិតនំអាមេរិកផ្តល់ភាពសំខាន់ជាចម្បង ព្រមទាំងអនុវត្តតាមគោលការណ៍សុវត្ថិភាពអាហាររបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ។ អាមេរិកហៅសារធាតុពណ៌ក្រហមថា FD&C Red No.3 រីឯនៅអឺរ៉ុបហៅថា Erythrosine (E127) ក៏បានហាមប្រើសារធាតុនេះក្នុងចំណីអាហារដែរ ដូចជា ៖ អូស្ត្រាលី និងនូវែលសេឡង់ ។

កាលពី៣០ឆ្នាំមុន រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ក្រហមក្នុងគ្រឿងសម្អាង ក្រោយពីមានភស្តុតាងបញ្ជាក់ថា សារធាតុនេះបង្កជំងឺមហារីកលើសត្វកណ្តុរក្នុងបន្ទប់ពិសោធន៍ ។ ក្រោយមក នៅឆ្នាំ២០២២ ពលរដ្ឋអាមេរិកបានតវ៉ាឱ្យរដ្ឋបាលចំណីអាហារហាមឃាត់ការប្រើប្រាស់សារធាតុនេះក្នុងចំណីអាហារ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ៕










