ប្រទេសអូស្ត្រាលី ៖ ស្របពេលពិភពលោក កំពុងចាប់អារម្មណ៍នឹងភ្លើងឆេះព្រៃនៅទីក្រុងឡូសអេនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលបានបំផ្លា.ញ ទ្រព្យសម្បត្តិ និងផ្ទះពលរដ្ឋអស់យ៉ាងច្រើនមហាសាល នៅប្រទេសអូស្ត្រាលីវិញបែរជាមានខ្យល់ព្យុះ និងរន្ទះបា.ញ់ ជាច្រើនកន្លែង ។ .png)
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន AFP រាយការណ៍ថា អូស្ត្រាលីប្រកាសអាសន្នពីគ្រោះធម្មជាតិក្នុងតំបន់ភាគខាងកើតប្រទេស ដែលគ្របដណ្តប់លើទីក្រុងស៊ីដនី និងតំបន់ជាច្រើនក្នុងរដ្ឋ New South Wales ។

ខ្យល់ព្យុះបានបោកបក់មកលើអូស្ត្រាលី តាំងពីថ្ងៃទី១៥ ខែមករា កន្លងមក ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង រន្ទះបាញ់ និងខ្យល់កន្ត្រាក់ខ្លាំង ដែលមានល្បឿនជាង១០០គីឡូម៉ែត្រក្នុង១ម៉ោង ។ ដើមឈើជាច្រើនបានដួលរលំពាសពេញផ្លូវ ខណៈអគារ និងផ្ទះពលរដ្ឋ ស្មើជាង៣ម៉ឺនខ្នង គ្មានអគ្គិសនីប្រើប្រាស់ ។
រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងការសង្គ្រោះបន្ទាន់នៅរដ្ឋ New South Wales លោក Jihad Dib លើកឡើងថា ភ្នាក់ងារសង្គ្រោះបន្ទាន់បានទទួលសេចក្តីរាយការណ៍គ្រោះធម្មជាតិពីពលរដ្ឋ រហូតដល់ជាង៧,០០០លើកក្នុងរយៈពេលខ្លី ។.png)
តាមសេចក្តីរាយការណ៍បឋម កាលពីថ្ងៃទី១៧ ខែមករា កន្លងមក គឺមានពលរដ្ឋអូស្ត្រាលីរងរបួសចំនួន២នាក់ ដោយសារដើមឈើក្នុងសួនច្បារបាក់រលំសង្កត់ពួកគេពេលកំពុងដើរនៅតាមផ្លូវ ។ រីឯផ្លូវផ្សេងទៀតដែលមានរថយន្តបើកបរជាច្រើន ក៏មានដើមឈើបាក់រលំដែរ ។
គួរបញ្ជាក់ថា នេះពុំមែនជាលើកទី១ទេ កាលពីខែកញ្ញា ឆ្នាំ២០២៤ ពលរដ្ឋអូស្ត្រាលីរាប់ម៉ឺននាក់នៅរដ្ឋ Tasmania គ្មានអគ្គិសនីប្រើប្រាស់ក្រោយពីខ្យល់ព្យុះធ្វើឱ្យភ្លៀងធ្លាក់ខ្លាំង រហូតដល់អាជ្ញាធរប្រកាសឱ្យប្រុងប្រយ័ត្នទឹកជំនន់ ។ ពេលនោះ ក្រុមហ៊ុនផលិតអគ្គិសនីបានប្រមូលកម្លាំងដោះស្រាយបញ្ហាដាច់ចរន្តអគ្គិសនី ដើម្បីឱ្យពលរដ្ឋមានអគ្គិសនីប្រើប្រាស់ ៕










