ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងវប្បធម៌ប្រទេសថៃ បានប្រជុំជាមួយមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ ព្រមទាំងលោក និរ៉ាត់ ផុងសិទ្ធីថាវ៉ន អភិបាលខេត្តឈៀងម៉ៃ ដើម្បីជំរុញការរៀបចំឯកសារស្នើចុះខេត្តឈៀងម៉ៃ ជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ទៅកាន់អង្គការយូណេស្កូ ។
លោកស្រី ស៊ូដាវ៉ាន់ វ៉ាង់ស៊ូផាកិចកូស៊ុន រដ្ឋមន្ត្រីក្រសួងវប្បធម៌បានពិភាក្សាជាមួយលោក និរ៉ាត់ ផុងសិទ្ធីថាវ៉ន អភិបាលខេត្តឈៀងម៉ៃ អំពីការរៀបចំឯកសារស្នើចុះខេត្តឈៀងម៉ៃជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ជាមួយអង្គការយូណេស្កូ ។ លោកស្រីនិយាយថា ខេត្តឈៀងម៉ៃ ប្រៀបបាននឹងរាជធានីនៃទឹកដីឡានណា ដែលមានអាយុកាលយ៉ាងហោចណាស់ ៧៣០ឆ្នាំ ហើយភាពរីកចម្រើនបានបង្ហាញឱ្យឃើញនៅតាមវត្តអារ៉ាម និងទីកន្លែងបុរាណជាច្រើន ។ 
ពលរដ្ឋនៅខេត្តឈៀងម៉ៃ មានមោទនភាពចំពោះភាពធំធេងផ្នែកប្រវត្តិសាស្ត្រ និងបន្តប្រពៃណី វប្បធម៌ពីមនុស្សមួយជំនាន់ទៅមួយជំនាន់ ដែលធ្វើឱ្យអ្នកមកកម្សាន្តនៅឈៀងម៉ៃពុំអាចបំភ្លេចបាន ។ ហេតុនេះ ថៃសម្រេចចិត្តស្នើសុំអង្គការយូណេស្កូចុះបញ្ជីខេត្តឈៀងម៉ៃ ជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ដើម្បីជំរុញវិស័យទេសចរណ៍ ។

បច្ចុប្បន្ន ជាដំណាក់កាលដ៏សំខាន់ដែលថៃត្រូវរៀបចំឯកសារបញ្ជាក់ពីភាពលេចធ្លោរបស់ខេត្តឈៀងម៉ៃ តាមលក្ខណៈវិនិច្ឆ័យរបស់អង្គការយូណេស្កូ ដើម្បីបញ្ជូនឯកសារតាមដំណាក់កាលបន្តទៀត ។ ស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នាធ្វើឯកសារឱ្យជោគជ័យ និងដាក់ទៅអង្គការយូណេស្កូឱ្យបានឆាប់រហ័ស ហើយចំណុចសំខាន់ ពលរដ្ឋខេត្តឈៀងម៉ៃត្រូវចូលរួមផ្តល់កម្លាំងចិត្ត និងគាំទ្រឱ្យការស្នើសុំដំណើរការដោយរលូន ។ នេះបើតាមការលើកឡើងរបស់លោកស្រី ស៊ូដាវ៉ាន់ ។
ការស្នើចុះខេត្តឈៀងម៉ៃជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក គឺដើម្បីឱ្យប្រទេសថៃមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ ដោយសារខេត្តឈៀងម៉ៃសម្បូរតំបន់ទេសចរណ៍ និងវត្តអារ៉ាម ។ ពេលខេត្តឈៀងម៉ៃក្លាយជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក គឺខេត្តឈៀងម៉ៃនឹងជាគោលដៅទេសចរណ៍ ទទួលបានចំណូល ពលរដ្ឋមានជីវភាពល្អប្រសើរ ព្រមទាំងក្លាយជា Soft Power ដ៏រឹងមាំស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលថៃ ៕










