ថ្មីៗនេះ មានការចោទសួរជាច្រើនទាក់ទងទៅនឹងការធ្វើបត្យាប័នទៅលើអតីតឧកញ៉ា ហេង សិទ្ធី ពីប្រទេសរុស្សុី ដោយមានមនុស្សមួយចំនួននៅលើបណ្តាញសង្គមហាក់សម្តែងការងឿងឆ្ងល់ពីនីតិវិធីបត្យាប័ន។
បត្យាប័ន គឺជាការស្នើសុំបញ្ជូនជនសង្ស័យពីប្រទេសមួយទៅប្រទេសមួយ ដោយមានការព្រមព្រៀងរវាងរដ្ឋ និងរដ្ឋ ក្នុងគោលបំណងយកជនសង្ស័យផ្ដន្ទាទោសព្រហ្មទណ្ឌតាមផ្លូវច្បាប់។

ដើម្បីឈានទៅដល់ការធ្វើបត្យាប័នជនសង្ស័យណាម្នាក់ រដ្ឋនោះ ត្រូវដាក់ពាក្យស្នើសុំតាមការទូត ដោយភ្ជាប់មកជាមួយភ័ស្ដុតាងរួមមាន ឯកសារដែលមានលក្ខណៈគ្រប់គ្រាន់ក្នុងការកំណត់អត្តសញ្ញាណបុគ្គល។
ចំពោះការធ្វើបត្យាប័ននៅកម្ពុជា ត្រូវអនុវត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧ និងសន្ធិសញ្ញាធ្វើបត្យាប័នទ្វេភាគី។
រដ្ឋបរទេសអាចដាក់សំណើសុំឱ្យកម្ពុជាធ្វើបត្យាប័នបាន លុះត្រាតែបទល្មើសនោះមានចែងក្នុងច្បាប់រដ្ឋ ដូចគ្នានឹងកម្ពុជា ឬក៏បទល្មើសនោះមានអតិបរមាទោសលើសពី ២ឆ្នាំឡើងទៅ។
បន្ថែមពីនេះ កម្ពុជាអាចធ្វើបត្យាប័នផ្ដល់ជូនជនសង្ស័យបានទៅរដ្ឋស្នើសុំ តែត្រូវសន្យាថាមិនចោទប្រកាន់បទល្មើសផ្សេងទៀតទៅលើបុគ្គលសង្ស័យ៕










