ថ្មីៗនេះកូនស្រីបណ្តូលចិត្តរបស់តារាចម្រៀង វីន វិទូ និង Mariam បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែ rima បានច្រៀងចម្រៀងពីពងទាដោយយកលំនាំភ្លេងពីបទ APT ដ៏ល្បីល្បាញរបស់តារាចម្រៀង Rosé និង Bruno Mars។ ទទួលបានការគាំទ្រនិងចាប់អារម្មណ៍ច្រើនតារាចម្រៀង វ៉ាន់ នីឡា ក៏បាននិយាយថាសង្ស័យពងទាឡើងថ្លៃដោយសារតែ rima ។
.png)
កាលពីថ្ងៃទី៥ មករា តារាចម្រៀងរ៉េប វីន វិទូ បានបង្ហោះវីដេអូមួយជាមួយកូនស្រីដោយបានសួរថាកាលពីព្រឹកមិញ rima ញុំាបាយជាមួយអ្វីខណៈក្មេងស្រីដ៏គួរឱ្យស្រលាញ់នេះបានឆ្លើយតបថាញុំាបាយជាមួយនឹងខពងទា ហើយបន្ទាប់មកបានច្រៀងថា ពងទា ពងទា យកលំនាំបទ APT ដោយ វីន វិទូ ជាអ្នកប្រគំភ្លេង។ វីដេអូខ្លីបែបសប្បាយៗពីរនាក់ឪពុកកូននេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងមានអ្នកទស្សនាលើសពី២លានដងនៅលើហ្វេកប៊ុក។
បន្ទាប់ពីទទួលបានការគាំទ្រពីទស្សនិកជន វីន វិទូ និងកូនស្រី បានធ្វើរឿងធំជាមួយគ្នាដោយថតបទពងទាជាមួយគ្នាយ៉ាងគួរឱ្យស្រលាញ់លក្ខណៈជាផ្លូវការតែម្តង។ នៅថ្ងៃទី១៥ មករា តារារ៉េប វីន វិទូ បានបង្ហោះវីដេអូដោយកំពុងស្ថិតនៅជាមួយកូនស្រីក្នុងបន្ទប់ស្ទូឌីយ៉ូថតពីបទ ពងទា នេះMixជាមួយភ្លេងកាន់តែធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ពងទា ពី rima ត្រូវបានអ្នកលេងទិកតុកកំពុងលេងបទនេះជាបន្តបន្ទាប់ទទួលបានការគាំទ្រមិនចាញ់មនុស្សធំឡើយ។
កំពុងមានប្រជាប្រិយភាពពីបទ ពងទា លំនាំបទ APT តារាចម្រៀង វ៉ាន់ នីឡា ក៏បានចែករំលែកនិងសរសេរថា សង្ស័យពងទាឡើងថ្លៃដោយសារតែ rima ហើយ។
គួរបញ្ជាក់ផងដែរថា តារារ៉េប វីន វិទូ បច្ចុប្បន្នជាតារាចម្រៀងមិនក្រោមផលិតកម្មណាឡើយខណៈលោកបានប្រកាសចាកចេញពីផលិតកម្មក្លាបយ៉ាហ៊ែនកាលពីថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីរួមដំណើរជាមួយគ្នា៧ឆ្នាំ៕










