នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានទម្លាក់ថវិកាចំនួន៣០ លានដុល្លារ ដើម្បីទិញស្រូវអង្ករ និងជួយរក្សាស្ថេរភាពតម្លៃស្រូវ កុំឱ្យកាន់តែធ្លាក់ចុះ។.png)
ការទម្លាក់ថវិការនេះ គឺជាលើកទី៥ហើយក្នុងរយៈពេល៦ឆ្នាំចុងក្រោយ ដោយសរុបទឹកប្រាក់ប្រមាណជាង២០៨លានដុល្លារ ដើម្បីជាការទ្រទ្រង់ទៅលើការអភិវឌ្ឍន៍ស្រូវ និងទិញស្រូវពីបងប្អូនប្រជាកសិករ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីស្ថានភាពស្រូវ និងការប្រមូលផលស្រូវប្រាំង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖”ការប្រមូលផលស្រូវវស្សានាពេលនេះ បានចប់សព្វគ្រប់អស់ហើយ។ សម្រាប់ស្រូវប្រាំងវិញនឹងបន្តប្រមូលផលរហូតដល់ចុងខែ៣។ ដោយឡែកស្ថានភាពផលិតស្រូវប្រាំងរបស់កម្ពុជានាឆ្នាំនេះបានច្រើនមែនទែន។ តាមធម្មតាស្រូវប្រាំងដែលមានចំនួន៥០ម៉ឺនហិកតាទេ តែឆ្នាំនេះប្រជាពលរដ្ឋបានដាំដុះកើនឡើងរហូតដល់៧០ម៉ឺនហិកតាឯណោះ។សម្រាប់ទិន្នផលស្រូវប្រាំងនាឆ្នាំនេះមានរហូតដល់ប្រមាណ៤លានតោន”។
ថ្វីបើការប្រមូលផលស្រូវប្រាំងនាឆ្នាំនេះមានកំណើនមួយខ្ពស់ តែតម្លៃស្រូវពូជអូអឹម (OM) ហាក់មានតម្លៃធ្លាក់ចុះ ដែលធ្វើឱ្យកសិករបង្ហាញការមិនពេញចិត្ត។
ទន្ទឹមនឹងមិនពេញចិត្តនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មបានអំពាវនាវឱ្យកសិករចូលរួមក្នុងសហគមន៍កសិកម្មទំនើបដែលអាចជួយឱ្យកសិករចៀសផុតពីការប្រឈមនឹងបញ្ហានានាកើតឡើងក្នុងនេះដូចជាប្រាក់កម្ចី ការលក់ស្រូវ និងបញ្ហាប្រឈមមួយចំនួនទៀតដែលក្រសួងពាក់ព័ន្ធនឹងចូលរួមដោះស្រាយជូនកសិករ៕










