ភាពចម្រូងចម្រាស់ទាក់ទងនឹងតម្លៃស្រូវអង្ករបានក្លាយជាប្រធានបទក្តៅក្នុងចំណោមប្រជាជនខ្មែរ ស្របពេលប្រទេសឥណ្ឌាបានក្លាយជាប្រទេសនាំចេញអង្ករលំដាប់ទី ១ លើពិភពលោក។ ក្រឡេកទៅកាន់ថៃ និងវៀតណាម ដែលជាប្រទេសនាំចេញអង្ករធំៗទាំង ២ ប្រចាំអាស៊ាន ក៏កំពុងតែព្រួយបារម្ភពីការធ្លាក់ចុះទាំងបរិមាណការនាំចេញនិងតម្លៃអង្ករ លើទីផ្សារអន្តរជាតិផងដែរ។

យោងតាមការចេញផ្សាយរបស់កាសែតវៀតណាម កាលពីចុងឆ្នាំ ២០២៤បានឲ្យដឹងថា ប្រទេសឥណ្ឌាបានក្លាយជាប្រទេសឈានមុខគេ នាំចេញអង្ករ ១៧ លានតោន ក្នុងឆ្នាំ ២០២៤។ ឯប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ ២ នាំចេញអង្ករបាន ១០ លានតោន និងវៀតណាម ជាប្រទេសនាំចេញអង្ករឈរលើលំដាប់លេខរៀងទី ៣ នាំចេញបាន ៩លានតោន និងរកចំណូលបាន ៥,៧ ពាន់លានដុល្លារ។
យ៉ាងណា ក្នុងឆ្នាំ ២០២៥នេះ ទាំងវៀតណាមនិងថៃគឺកំពុងតែភ័យព្រួយអំពីការកើនឡើងនៃការនាំចេញអង្ករឥណ្ឌាទៅកាន់ទីផ្សារអន្តរជាតិខ្ពស់ ដែលនាំឲ្យខ្លួនបាត់បង់ឱកាស។ ម៉្យាងវិញទៀត ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី ដែលជាទីផ្សារនាំចូលអង្ករថៃ-វៀតណាមដ៏សំខាន់បំផុត, នៅក្នុងឆ្នាំនេះ បែរជាមានបំណងកាត់បន្ថយបរិមាណការនាំចូលផងដែរ។.png)
យោងតាមចក្ខុវិស័យឆ្នាំ២០២៥ ប្រទេសឥណ្ឌាត្រូវបានគេព្យាករថានឹងនាំចេញអង្កររហូតដល់ទៅ ២២លានតោន ដែលខ្ពស់ជាងឆ្នាំ២០២៤ ចំនួន ៥លានតោន។ ខណៈដែលវៀតណាម និងថៃ អាចប្រឈមនឹងការលំបាកក្នុងការនាំចេញអង្ករ ក៏ដូចជាប៉ះពាល់តម្លៃលើទីផ្សារ។ គេព្យាករណ៍ថា ប្រទេសថៃក្នុងឆ្នាំ ២០២៥ នេះនឹងធ្លាក់ចុះបរិមាណនាំចេញអង្ករ មកត្រឹមតែ៧.៥ លានតោនប៉ុណ្ណោះ (ធ្លាក់ចុះ ២.៥លានតោន បើធៀបនឹងឆ្នាំមុន)។

សូមជម្រាបថា ប្រទេសឥណ្ឌាបានលុបចោលបម្រាមនាំចេញអង្ករកាលពីខែកញ្ញា ឆ្នាំ២០២៤ ដែលនាំឲ្យឥណ្ឌាបានដណ្តើមយកដំណែងទីផ្សារនាំចេញអង្ករធំជាងគេលើពិភពលោក។ យ៉ាងណា ទីផ្សារឥណ្ឌាក៏បានជះឥទ្ធិពលដល់ប្រទេសនាំចេញអង្ករធំៗ ដូចជាថៃ វៀតណាមជាដើម ខណៈដែលកម្ពុជា បើទោះបីជាមិនជាប្រទេសនាំចេញអង្ករធំក៏ដោយ តែក៏បានរងនូវឥទ្ធិពលផងដែរ ក៏ព្រោះតែឥណ្ឌាជាទីផ្សារផ្គត់ផ្គង់ទី១ ខណៈមានតម្លៃអង្ករថោកជាងគេបំផុតផងដែរ៕










