កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន Bloomberg និង Wall Street Journal រាយការណ៍ថា រដ្ឋាភិបាលចិននឹងអនុញ្ញាតលក់ TikTok ឱ្យលោក Elon Musk នាយកក្រុមហ៊ុន Tesla និង Space X ដើម្បីកុំឱ្យអាមេរិកបិទបណ្តាញសង្គមនេះ ពីព្រោះតុលាការកំពូលអាមេរិកនឹងបិទ TikTok នៅថ្ងៃទី១៩ ខែមករា លើកលែងតែក្រុមហ៊ុន ByteDance ជាម្ចាស់ TikTok ព្រមលក់បណ្តាញសង្គមឱ្យអាមេរិក ។

ការចុះផ្សាយព័ត៌មានអំពីការលក់ TikTok ឱ្យលោក Elon Musk បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងលើផ្នែកបច្ចេកវិទ្យា និងនយោបាយ ព្រមទាំងតាមដានស្ថានការណ៍ថា តើវានឹងប៉ះពាល់ដល់អ្នកលេង TikTok នៅអាមេរិកដែរឬទេ? ចំណែក TikTok បានបដិសេធនឹងការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ថា រដ្ឋាភិបាលចិននឹងលក់បណ្តាញសង្គមនេះឱ្យមហាសេដ្ឋីអាមេរិក ដើម្បីអាចធ្វើប្រតិបត្តិការផ្សេងៗនៅអាមេរិកបន្តទៀត គឺគ្រាន់តែជារឿងប្រឌិតប៉ុណ្ណោះ ។ 
កាលពីថ្ងៃទី១៥ ខែមករា កន្លងមក សារព័ត៌មាន Reuters រាយការណ៍ថា TikTok ពុំបានលក់បណ្តាញសង្គមរបស់ខ្លួនឱ្យមហាសេដ្ឋីអាមេរិកទេ ប៉ុន្តែ TikTok គ្រោងបិទបណ្តាញសង្គមនៅអាមេរិក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយសាររដ្ឋាភិបាលអាមេរិកអនុវត្តច្បាប់គ្រប់គ្រងបណ្តាញសង្គម ។
គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០២៤ លោក Joe Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើច្បាប់កំណត់ឱ្យក្រុមហ៊ុន ByteDance ត្រូវតែលក់បណ្តាញសង្គមនេះឱ្យអាមេរិក នៅត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បើមិនដូច្នោះទេ អាមេរិកនឹងហាមឃាត់ការប្រើប្រាស់ ។ ប៉ុន្តែក្រុមហ៊ុននានាបានស្នើឱ្យរដ្ឋាភិបាលអាមេរិកពន្យារពេលអនុវត្តច្បាប់នេះ ពីព្រោះជាការបំបិទសិទ្ធិនិយាយស្តីរបស់ពលរដ្ឋ ។

លោក Biden ថ្លែងថា បើគ្មានការលក់ TikTok នៅអាមេរិកទេ គឺចិននឹងប្រើប្រាស់ TikTok សម្រាប់ស៊ើបការណ៍ និងជ្រៀតជ្រែកកិច្ចការនយោបាយផ្ទៃក្នុងអាមេរិក ។ ផ្ទុយទៅវិញ TikTok លើកឡើងថា បណ្តាញសង្គមរបស់ខ្លួនមិនស្ថិតនៅក្រោមឥទ្ធិពលគណបក្សកុម្មុយនិស្តចិនទេ ហើយច្បាប់ហាមឃាត់ការប្រើប្រាស់ TikTok របស់អាមេរិក គឺល្មើសនឹងសិទ្ធិសេរីភាព និងការបញ្ចេញមតិ ៕










