«កោះព្រះអាទិត្យ» ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ គឺជាកន្លែងដ៏ស្ងប់ស្ងាត់មួយ សក្តិសមបំផុតសម្រាប់អ្នកផ្សងព្រេង និងអ្នកចូលចិត្តដើរម្នាក់ឯង។ កោះនេះគឺជាផ្នែកមួយនៃកោះតាគៀវ ដែលសម្បូរទៅដោយធនធានធម្មជាតិអមដោយឆ្នេរខ្សាច់ក្បុស ចំណែកឯសម្រស់ថ្ងៃរះ និងថ្ងៃលិចវិញគឺពិតជាស្រស់ស្អាតខ្លាំងណាស់។ លោកអ្នកអាចមកទីតាំងមួយនេះបាន ដើម្បីបន្ធូរអារម្មណ៍ ស្ដាប់សំឡេងរលកសមុទ្រ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ហែលទឹកដ៏សែនត្រជាក់ ស្ទូចត្រី បោះតង់ និងការជិះទូកលេងកម្សាន្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj94G-YraZO5ccRWkzjVc7nISl5-Ewa6pYhjur6eUt17TWZZ10NPsgHGKBxPAhC9zepeg5pMWvM6Kvc2xeVT6ow7lv2N7s6JiaKFc0dHo6amnaQ_BECZr4uvMvRlDdUcAranqu08hxTmUC9RXNuLunH0rTjTAgbf_fhihwaCnCoxIxrYNrA3gLXEpYs9VyJ/s1440/131122604_218370209877582_772614737269500800_n.jpg

ដើម្បីទៅដល់ទីតាំងមួយនេះ ភ្ញៀវទេសចរត្រូវឡើងជិះទូកនៅឆ្នេររាម ហើយសម្រាប់ការជិះទូកពីផែរាម ទៅកោះគឺចំណាយពេលប្រហែលកន្លះម៉ោងប៉ុណ្ណោះ។ នៅពេលទៅដល់លោកអ្នកនឹងបានឃើញ ទឹកសមុទ្រថ្លាឈ្វង់ បូកផ្សំជាមួយជីវចម្រុះដ៏សម្បូរបែប ជាទីឋានដ៏វិសុទ្ធ និងស្រស់ត្រកាលបំផុត។ កោះព្រះអាទិត្យ គឺជាគ្រាប់ពេជ្រដ៏មានតម្លៃដែលកំពុងលាក់ខ្លួននៅក្នុងខេត្តព្រះសីហនុ និងជាទីកន្លែងដ៏ស្រស់ស្អាត អមទៅដោយធម្មជាតិដ៏ផូរផង់ដែលមិនសូវមានអ្នកស្គាល់ និងមិនសូវមានអ្នកបានទៅដល់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9pSRqKzCMVovhrpN8mpE4RAPiatzIbIQNXkM_TZLtMNqopssFJCBNV1wTnluvyhzSv10n0HaGT8yasM9Ue3aLUQ6TBcuPb9oWKGsn7pZeeYCSjhCq7VgyupJ3kCqNdhyQ8Nh4rzPYC_voZHdHfnI5ZYJbKbfySrdCZ-vzL7cic3AiUbuga8XQbduzpvDA/s2040/image_2025-01-09_09-36-15.png

កោះនេះគឺជាកន្លែងផ្សងព្រេងដ៏សែនមនោរម្យមួយសម្រាប់ដំណើរកម្សាន្តផ្សងព្រេង និងដំណើរកម្សាន្តបែប Solo។ ជាមួយលក្ខណៈស្ងប់ស្ងាត់ និងទេសភាពស្រស់បំព្រង កោះព្រះអាទិត្យក៏ជាតំបន់ដែលពោពេញទៅដោយសក្តានុពលធម្មជាតិបែបសមុទ្រផងដែរ។ ហេតុនេះនៅថ្ងៃឈប់សម្រាក ឬចុងសប្តាហ៍ភ្ញៀវទេសចរកុំភ្លេចចូលទស្សនាតំបន់រមណីយដ្ឋានកោះព្រះអាទិត្យផង ប្រសិនបើលោកអ្នកបានទៅដល់ខេត្តព្រះសីហនុ។ នៅខេត្តព្រះសីហនុ ក្រៅពីកោះព្រះអាទិត្យ ក៏មានកោះល្បីជាច្រើនទៀតផងដែរដូចជា កោះតាគៀវ ឆ្នេរអូរឈើទាល កោះរុង កោះរុងសន្លឹម ឆ្នេរអូរត្រេស ឧទ្យានជាតិរាម កោះទន្សាយ និងកន្លែងកម្សាន្តសប្បាយៗជាច្រើនទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN-ClvMr9Xpi13_kVKXS3mGDKj68xcKKA6nH4NYU-maONp-U3ue1DHjlZG9WM8780g0jux9h0hufdTzrhgDVd9i_NFXnOhQFq0pYtw-izI6CvsRJD9KCZ558NjqWIvlHrLVfY581tOJQ63tYCVkwqfwTBQmCWLWzXlgCYc8npzlYotBOemoH9uSNjyAiHo/s1200/image_2025-01-09_09-36-14.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4MDkkag__1wW7PhWWmjnmiYnfTDYh640kTfxZrF_bQVl4SqRZ4ZYMUB9Xsb97G0KNgoqpqrEL9Po3FxuHaex9rIaxnqKieu0gwfLI3U3XPt5xvAK1VT0WFkC6kYRTCE_P5h7iW8TJmPxYNP3xwAE0qtmM-esHfTrLofyXeLK9ZF24L3SV4u62dM9lqOUo/s600/131206513_218370229877580_1933851386308103235_n.jpg