បន្ទាប់ពីជោគជ័យលើការ Cover បទ «ហៅសុបិន» របស់តារាចម្រៀងឱក សុគន្ធកញ្ញា មានការទស្សនាជាង១លានដងនៅលើយូធូប កូឡា រចនា មិនបានស្ងាត់សកម្មភាពឡើយមានទាំងការចេញបទចម្រៀងផ្ទាល់ខ្លួននិងការ Cover ជាច្រើនបទទៀត។ ថ្មីៗនេះអតីតបេក្ខភាព The Voice Cambodia រដូវកាលទី៣រូបនេះក៏បាន Cover បទ «ដានជើងក្របី» ដែលជាបទរបស់រៀមច្បងដដែលជាពិសេសបានរំលេចពីទិដ្ឋភាពដ៏ស្រស់ស្អាតនៅខេត្តកំពង់ឆ្នាំង។
«ដានជើងក្របី» ជាបទមួយរបស់តារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា ត្រូវបានកញ្ញា កូឡា រចនា យកមក Cover ឡើងវិញជាប្រភេទចង្វាក់ Acoustic ដែលធ្វើឱ្យអ្នកស្តាប់កាន់តែលន្លង់លន្លោច។ ជាមួយនឹងទឹកដមសំឡេងការដាក់អារម្មណ៍របស់អ្នកចម្រៀងរូបនេះងាកទៅកាន់វីដេអូចម្រៀងវិញគឺស្រស់ស្អាតត្រជាក់ភ្នែកតែម្តង។ ទាំងការដាក់មនោសញ្ចេតនាបូកជាមួយនឹងទិដ្ឋភាពទៀតកាន់តែធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំង។

ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន KBN News តាមសារអេឡិចត្រូនិច កញ្ញា កូឡា រចនា បានឱ្យដឹងថាការថតវីដេអូចម្រៀងCover នេះគឺជួបផលលំបាកច្រើន ត្រូវមានក្រុមការងារច្រើនជួយចាត់ចែងការងារផ្សេងៗទាំងការរៀបចំសម្ភារៈភ្លេង។ កញ្ញាបានលើកឡើងទៀតថា ការថតនេះគឺជួយនូវភាពចម្រូងចម្រាសបន្តិចបន្តួច ខណៈការទៅដល់ទឹកដីខេត្តកំពង់ឆ្នាំងកន្លែងដែលត្រូវថតមានទឹកធ្លាក់នេះមិនបានថតភ្លាមៗដូចការរំពឹងទុកឡើយគឺរង់ចាំមានពន្លឺគ្រប់គ្រាន់ដើម្បីផ្តិតរូបភាពចេញមកច្បាស់ល្អជាពិសេសគឺមិនរំខានទៅដល់អ្នកដទៃ។ ទោះបីជាជួបឧបសគ្គក្នុងការថតបន្តិចក្តីប៉ុន្តែនាងនិងក្រុមការងារគឺបានបញ្ចប់ដោយរលូន។

ការជ្រើស Cover បទរបស់រៀមច្បង ឱក សុគន្ធកញ្ញា ជាថ្មីនេះ កូឡា រចនា បានទម្លាយថា ដោយសារតែភាពជោគជ័យនិងទទួលបានការគាំទ្រពីទស្សនិកជនទៅលើបទ ហៅសុបិន ខណៈនាងស្រលាញ់បទភ្លេងនិងអត្ថន័យបទចាស់ៗរបស់គាត់ស្របពេលសំឡេងរបស់ខ្លួនក៏ត្រូវផងដែរ។ មែនទែនទៅ កូឡា រចនា ថារូបនាងមិនត្រឹមតែមានការ Cover បទរបស់ ឱក សុគន្ធកញ្ញា ប៉ុណ្ណោះទេតែមានការ Cover ពីតារាចម្រៀងផ្សេងទៀត ហើយនាងក៏មានបទចម្រៀងផ្ទាល់ខ្លួនជាប្រភេទ ???????????????????????????????? ???????????????? មានចំណងជើងថា «ម្នាក់ឯងយូរទៅ»។ បទផ្ទាល់ខ្លួននេះ ក៏ទទួលបានការចាប់អារម្មណ៍ច្រើនដូចគ្នាពីសំណាកយុវវ័យដោយសារតែត្រូវសាច់រឿងអ្នកមួយចំនួនដែលមានការស្តាប់រហូតដល់ជាង៣លានដងនៅលើទិកតុករបស់ខ្លួន។ 
បច្ចុប្បន្ន កូឡា រចនា មមាញឹកនឹងសកម្មភាពសិល្បៈមានការសម្តែងនៅតាមកញ្ចក់ទូរទស្សន៍និងនៅតាមបណ្តាហាងជាច្រើន។ នាងជា អតីតបេក្ខភាព The Voice Cambodia រដូវកាលទី៣, កម្មវិធី Cambodian Idol រដូវកាលទី១ និងកម្មវិធី Beat The Best ៕










