សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Tombot បានយកឆ្កែយន្តមកបង្ហាញក្នុងកម្មវិធីតាំងពិព័រណ៍បច្ចេកវិទ្យា CES 2025 នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដែលធ្វើឱ្យអ្នកចូលរួមចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារវាចេះបក់កន្ទុយ និងដេកលក់ដូចឆ្កែពិតប្រាកដ ។ ក្រុមហ៊ុនបញ្ជាក់ថា ការផលិតឆ្កែយន្តនេះ គឺសម្រាប់ជួយបំបាត់ការអផ្សុករបស់មនុស្សចាស់ ហើយអ្នកប្រើប្រាស់ពុំពិបាកថែទាំវាច្រើនទេ ។

ឆ្កែយន្តគួរឱ្យស្រឡាញ់នេះត្រូវបានផលិតឡើងសម្រាប់មនុស្សចាស់ស្រឡាញ់ឆ្កែ និងអាចបំពេញតម្រូវការប្រើប្រាស់របស់មនុស្សចាស់នៅលើពិភពលោក ។ នាថ្ងៃអនាគត ក្រុមហ៊ុន Tombot នឹងផលិតឆ្មាយន្តផងដែរ សម្រាប់អ្នកស្រឡាញ់ឆ្មា ។
លោក Tom Stevens ស្ថាបិកក្រុមហ៊ុន Tombot និយាយថា ការផលិតឆ្កែយន្តបំបាត់ភាពឯកោរបស់មនុស្សចាស់ គឺក្រោយពីលោកបានបំបែកឆ្កែជាទីស្រឡាញ់ពីម្តាយ ដោយសារគ្រូពេទ្យរកឃើញថា ម្តាយលោកវង្វេងស្មារតី ។ បើទោះលោករកអ្វីផ្សេងមកជំនួសឆ្កែ ប៉ុន្តែម្តាយលោកពុំចូលចិត្ត ប៉ុន្តែឆ្កែយន្តនេះធ្វើឱ្យម្តាយលោកញញឹម ចង់រស់នៅក្បែរវា ថែទាំ និងបារម្ភពីវា បើទោះគាត់ដឹងថា វាពុំមែនជាឆ្កែមានជីវិតក្តី ។ នាថ្ងៃអនាគត លោកនឹងផលិតឆ្មាយន្តសម្រាប់អ្នកស្រឡាញ់ឆ្មា ។.jpg)
បច្ចុប្បន្ន ពលរដ្ឋអាមេរិកមានអាយុច្រើនបានរស់នៅជាមួយឧបករណ៍បំពាក់បច្ចេកវិទ្យាទាំងនេះ ស្របតាមគម្រោងការរស់នៅក្នុងវ័យជរារបស់រដ្ឋាភិបាល ។ រីឯពលរដ្ឋលើពិភពលោក ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ បានកើនឡើងយ៉ាងឆាប់រហ័សជាងពលរដ្ឋអាយុតិច ។ នេះបើតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ។
ឧបសគ្គមួយក្នុងការថែទាំមនុស្សចាស់ គឺទទួលបានការព្យាបាល ។ បើអ្នកអាចតាមដានការសម្រាក, បរិភោគអាហារ, ធ្វើចលនា និងត្រួតពិនិត្យទឹកនោមមនុស្សចាស់ជាប្រចាំនោះ អ្នកនឹងអាចជួយសង្គ្រោះយ៉ាងឆាប់រហ័ស និងថែទាំតាមតម្រូវការ ។ មនុស្សចាស់ជិត៩០% នៅអាមេរិកចង់រស់នៅក្នុងផ្ទះរបស់ខ្លួន ប៉ុន្តែមនុស្សភាគច្រើនបារម្ភថា ការរស់នៅផ្ទះម្នាក់ឯងពិបាកណាស់ លុះត្រាតែមានឧបករណ៍ជួយបំបាត់ភាពអផ្សុក, ផ្តល់សញ្ញាពេលរអិលដួល និងត្រួតពិនិត្យថា តើមនុស្សចាស់លេបថ្នាំហើយឬនៅ ។
ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទាំងនេះ នឹងធ្វើឱ្យមនុស្សចាស់មានអាយុវែង និងរស់នៅផ្ទះម្នាក់ឯងបាន ។ ពលរដ្ឋអាមេរិកមានអាយុច្រើននិយមប្រើប្រាស់ឧបករណ៍វាស់សម្ពាធឈាម, រទេះរុញអគ្គិសនី និងឧបករណ៍ជូនដំណឹងពីការលេបថ្នាំ ។ នេះបើតាមនាយកប្រតិបត្តិក្រុមហ៊ុន Starling Medical ៕










