ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ភ្នាក់ងារអាកាសយានដ្ឋានភូកេត ប្រទេសថៃ បានត្រួតពិនិត្យហាងមួយឈ្មោះ SUBWAY ក្រោយភ្ញៀវទេសចរបរទេសម្នាក់ឡូឡារឿងទិញសាំងវិច ៣ដុំ និងនំ Cookie ពីហាងនេះក្នុងតម្លៃថ្លៃកប់ពពក គឺរហូតដល់ ៩២ដុល្លារអាមេរិក ។ បន្ទាប់ពីត្រួតពិនិត្យ ភ្នាក់ងារអាកាសយានដ្ឋានភូកេត បញ្ជាក់ថា ហាងនេះបានសរសេរតម្លៃអាហារច្បាស់លាស់លើស្លាកខាងមុខ ហើយហាងលក់សាំងវិច តាមតម្លៃលើស្លាក ។.jpg)
អ្នកលេងបណ្តាញសង្គមប្រទេសថៃបានចែកចាយវីដេអូរបស់ភ្ញៀវទេសចរអង់គ្លេសម្នាក់ ដែលរិះគន់ហាង SUBWAY នៅអាកាសយានដ្ឋានភូកេត ប្រទេសថៃ ថា លក់អាហារ និងភេសជ្ជៈក្នុងតម្លៃថ្លៃខ្លាំង ។ ភ្ញៀវទេសចរអង់គ្លេសបានទិញសាំងវិច ៣ដុំ, នំ Cookie ៣ដុំ និងភេសជ្ជៈ ៣កែវ ប៉ុន្តែហាងនេះបានគិតប្រាក់រហូតដល់ ៣,១៥២បាត (ឬស្មើ៩២ដុល្លារអាមេរិក) ។
.jpg)
ក្រោយមក ភ្នាក់ងារអាកាសយានដ្ឋានភូកេត ក៏បានមកត្រួតពិនិត្យហាង SUBWAY នៅអគារអ្នកដំណើររង់ចាំឡើងយន្តហោះទៅក្រៅប្រទេស ស្ថិតនៅជាន់ទី៣ ។ ក្រោយការត្រួតពិនិត្យឃើញថា ហាងនេះបានសរសេរតម្លៃអាហារលើស្លាកត្រឹមត្រូវ ហើយហាងគិតតម្លៃអាហារតាមស្លាក ។ ភ្ញៀវទេសចរបានទិញសាំងវិច ៣ដុំ ប៉ុន្តែសុំឱ្យហាងដាក់សាច់ និងឈីសបន្ថែមទៀត ។ ហាងបានគិតលុយសាំងវិច រួមទាំង Cookie និងភេសជ្ជៈ ទើបតម្លៃកើនឡើងខុសធម្មតាបែបនេះ ។
ការត្រួតពិនិត្យតម្លៃអាហារ និងភេសជ្ជៈ គឺដើម្បីផ្តល់ភាពយុត្តិធម៌ដល់អតិថិជន និងណែនាំឱ្យហាងក្នុងអាកាសយានដ្ឋានអនុវត្តតាមលក្ខខណ្ឌយ៉ាងតឹងរ៉ឹង ។ អាកាសយានដ្ឋានភូកេត អនុវត្តការងារគោរពគោលការណ៍ច្បាស់លាស់ ព្រមទាំងកែលម្អគុណភាពការផ្តល់សេវាកម្មស្របតាមស្តង់ដារអាកាសយានដ្ឋានដ៏ល្អ ដើម្បីឱ្យអ្នកដំណើរទទួលបានសេវាងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព ។ នេះបើតាមការលើកឡើងរបស់ភ្នាក់ងារត្រួតពិនិត្យតម្លៃអាហារក្នុងអាកាសយានដ្ឋាន ។
គួរបញ្ជាក់ថា ស្ត្រីភ្ញៀវទេសចរអង់គ្លេស ដែលបានទិញសាំងវិចថ្លៃនៅអាកាសយានដ្ឋានភូកេត ប្រទេសថៃ គឺមានគណនី TikTok ឈ្មោះ «naynaysully» និយាយថា នាងពុំធ្លាប់ទិញអាហារថ្លៃបែបនេះទេ ក្នុងជីវិត ៕










