«ភ្នំវល្លិ៍» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាតំបន់ទេសចរណ៍បែបធម្មជាតិ ផ្សងព្រេង និងប្រវត្តិសាស្ត្រ។ នៅទីនោះមានទេសភាពយ៉ាងស្រស់ស្អាតជាមួយដើមឈើធំៗពណ៌បៃតងខៀវខ្ចី បរិយាកាសស្ងប់ស្ងាត់ ទីធ្លាធំទូលាយ និងទេសភាពចំការម្រេចនៅលើភ្នំក៏ដូចជាចង្កេះភ្នំផងដែរ។ វាបានបង្កើតជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតជាមួយនឹងខ្យល់អាកាសបរិសុទ្ធធ្វើឱ្យយើងរីករាយបាត់អស់នូវទុក្ខកង្វល់ទាំងឡាយ។

ភ្នំវល្លិ៍មានសក្តានុពលជាគោលដៅទេសចរណ៍តំបន់ភ្នំ ដែលមានប្រវត្តិជាអតីតមូលដ្ឋានទ័ពរបស់ខ្មែរក្រហម និងជាតំបន់កសិកម្មដ៏សំខាន់មួយរបស់ខេត្តកែប ដែលសម្បូរទៅដោយចម្ការម្រេច និងដំណាំគួបផ្សំជាច្រើនទៀត។ ដូច្នេះរមណីយដ្ឋានដ៏ស្រស់បំព្រងមួយកន្លែងនេះគឺមានលក្ខណៈជាចម្ការផង និងជាសួនកម្សាន្តផងដែលមានភោជនីយដ្ឋាន កន្លែងស្នាក់នៅ ជាពិសេសក៏មានសេវាកម្មជិះណូរីនៅលើផ្លូវដែកដែលមានប្រវែងជាង ៣ គីឡូម៉ែត្រលើផ្ទៃដីរាប់សិបហិកតាផងដែរ។
ទន្ទឹមនឹងនេះភ្ញៀវទេសចរក៏អាចថតរូបលេងជាមួយប្លង់ទេសភាពស្អាតៗនៃសម្រស់ព្រៃភ្នំបែបធម្មជាតិ អាចទិញផ្លែឈើដែលដាំដុះដោយប្រជាជននៅតំបន់នោះផ្ទាល់ក្នុងតម្លៃសមរម្យ ជាមួយគុណភាពល្អ ក៏ដូចជាអាចទស្សនាសត្វចិញ្ចឹមដូចជា ជ្រូកព្រៃ សេះ គោ ក្ងោក និងសត្វពពែទៀតផង។ ដូច្នេះដើម្បីទៅដល់គោលដៅដ៏អស្ចារ្យនេះ យើងត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ដែលជាទិសដៅពីទីរួមខេត្តកំពតឆ្ពោះទៅស្រុកកំពង់ត្រាច ហួសរង្វង់មូលសេះសប្រហែល ៦ គីឡូម៉ែត្រ នឹងបានឃើញស្លាកសញ្ញាចូលភ្នំវល្លិ៍នៅខាងឆ្វេងដៃ រួចបន្តដំណើរតែជាង ៥ គីឡូម៉ែត្រទៀត នឹងបានទៅដល់ភ្នំវល្លិ៍ដ៏ស្រស់ស្អាតនេះតែម្តង៕
.png)









