ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន Bloomberg រាយការណ៍ថា ប្រទេសវៀតណាមបានកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេសរហូតដល់២៣លាននាក់ នៅឆ្នាំ២០២៥ កើនឡើង៣១% ហើយវៀតណាមសង្ឃឹមថា វិស័យទេសចរណ៍នឹងជួយជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិ ។.png)
ការកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេសរហូតដល់២៣លាននាក់ គឺជាចំនួនខ្ពស់ជាងមុនពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅប្រទេសវៀតណាម ហើយវៀតណាមនឹងទទួលបានភ្ញៀវទេសចរច្រើនតាមគោលដៅនៅឆ្នាំ២០២៥ ។ វាកើនឡើងលើស៥លាននាក់ បើធៀបនឹងចំនួនភ្ញៀវទេសចរបរទេសមកលេងវៀតណាមកាលពីឆ្នាំ២០១៩ ដែលស្មើត្រឹមតែ១៨លាននាក់ ។ នេះបើតាមការអះអាងរបស់ BMI Research ។

តាមរបាយការណ៍បញ្ជាក់ថា កាលពីឆ្នាំ២០២៤ វៀតណាមទទួលបានភ្ញៀវទេសចរបរទេស ចំនួន១៧លាន ៥សែននាក់ កើនឡើង៣៩.៥% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះភ្ញៀវទេសចរមកពីតំបន់អាស៊ី គឺស្មើប្រមាណ៨០% នៃចំនួនភ្ញៀវទេសចរបរទេសសរុប ។
ដោយឡែក វៀតណាមទទួលបានភ្ញៀវទេសចរឥណ្ឌា ចំនួន៥០១,០០០នាក់ នៅឆ្នាំ២០២៤ ។ រយៈពេល២ឆ្នាំកន្លងមក ភ្ញៀវទេសចរឥណ្ឌាបានធ្វើដំណើរមកវៀតណាម កើនឡើងរហូតដល់ជាង២ដង ហើយធ្វើឱ្យវៀតណាមក្លាយជាប្រទេសគោលដៅគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរឥណ្ឌា ។
កាលពីខែមិថុនា ឆ្នាំ២០២៤ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅឱ្យវិស័យទេសចរណ៍ក្លាយជាឧស្សាហកម្មសំខាន់ ដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ច ។ មុនពេលជំងឺកូវីដឆ្លងរាតត្បាត ប្រាក់ចំណូលពីវិស័យទេសចរណ៍វៀតណាម គឺស្មើនឹង១២% នៃផលិតផលក្នុងស្រុកសរុប (GDP) ។ ប៉ុន្តែរបាយការណ៍របស់ក្រុមហ៊ុន VinaCapital Group Ltd. នៅខែឆ្នាំដដែលបញ្ជាក់ថា ប្រាក់ចំណូលវិស័យទេសចរណ៍ ស្មើត្រឹមតែ៨% នៃ GDP ។
បើទោះជាវិស័យទេសចរណ៍បានជំរុញកំណើន GDP, ជួយឱ្យពលរដ្ឋមានការងារធ្វើ និងលើកកម្ពស់គុណភាពជីវិតពលរដ្ឋក្តី ប៉ុន្តែវៀតណាមត្រូវតែកែលម្អចំណុចខ្វះខាតមួយចំនួន ។ លើសពីនេះ វៀតណាមចាំបាច់ត្រូវមើលពីសមត្ថភាពប្រកួតប្រជែង និងគោលនយោបាយទេសចរណ៍របស់ប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អាជីវកម្មពាក់ព័ន្ធនឹងទេសចរណ៍ ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ ៕










