ស្មាតហ្វូនដំបូងបង្អស់របស់ Samsung ដែលមានអេក្រង់បត់បានបីតង់ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងទីផ្សារអាស៊ីមួយចំនួននៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៥។

យោងតាម PhoneArena ដែលជាគេហទំព័របច្ចេកវិទ្យាល្បីល្បាញមួយបានឱ្យដឹងថា ក្រុមហ៊ុន Samsung កំពុងត្រៀមខ្លួនក្នុងការដាក់បង្ហាញស្មាតហ្វូនបត់បានបីតង់ដំបូងបង្អស់របស់ខ្លួននៅក្នុងទីផ្សារអាស៊ីនៅពាក់កណ្តាលឆ្នាំនេះ។ ទោះជាយ៉ាងណាស្មាតហ្វូន tri-fold របស់ Samsung ទំនងមានតម្លៃខ្ពស់ខ្លាំងណាស់។
វាត្រូវបានគេនិយាយថា ស្មាតហ្វូនមួយនេះទំនងមិនសូវមានប្រជាប្រិយភាពនោះទេនៅពេលដាក់បង្ហាញជាផ្លូវការដោយសារតម្លៃខ្ពស់ពេក។ សូម្បីទូរស័ព្ទ Mate XT tri-fold របស់ Huawei ដែលចេញលក់ប៉ុន្មានខែមុនក៏មានតម្លៃខ្ពស់ខ្លាំងដែរ ជាមួយតម្លៃរហូតដល់ ២,៨០០ ដុល្លារអាមេរិក ថ្លៃជាង iPhone 16 Pro បីដង។ ដូច្នេះស្មាតហ្វូនបត់បានបីតង់ដំបូងបង្អស់របស់ Samsung ត្រូវបានគេនិយាយថា នឹងមានតម្លៃថ្លៃជាង ស្មាតហ្វូនបត់បានបីតង់របស់ Huawei ទៅទៀត។.jpg)
នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ហេតុផលដែលធ្វើឱ្យទូរស័ព្ទប្រភេទ tri-fold មានតម្លៃខ្ពស់ និងពិបាកក្នុងការទទួលបានប្រជាប្រិយភាព គឺដោយសារដំណើរការផលិតដ៏ស្មុគស្មាញ ដូច្នេះ Samsung គ្រោងនឹងបញ្ចេញឧបករណ៍នេះតិចជាង ៣០០,០០០ គ្រឿងប៉ុណ្ណោះនៅក្នុងទីផ្សារមួយ ឬពីរនៅអាស៊ីក្នុងឆ្នាំ ២០២៥។ ជាមួយលក្ខណៈពិសេសនៃឧបករណ៍របស់ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងមានអេក្រង់ធំទូលាយទំហំ ១២.៤ អ៊ីង នៅពេលបើកពេញ ដែលមានបំណងជំនួសទូរស័ព្ទ និងថេប្លេតប្រពៃណី ខណៈទំហំនេះក៏លើសពី ១០.២ អ៊ីញរបស់ Huawei Mate XT ផងដែរ។

លើសពីនេះឧបករណ៍នេះនឹងមានការរចនាប្រភេទ G-Type ដើម្បីផ្តោតលើភាពធន់ និងគុណភាពខ្ពស់ ខុសពីការរចនា S-Type របស់ Huawei Mate XT ។ អេក្រង់ G-Type មានការរចនាជាមួយនឹងអេក្រង់ខាងក្រៅពីរដែលអាចបត់ចូលខាងក្នុងបាន មិនសូវស្មុគស្មាញ និងជួយការពារអេក្រង់មេ នៅពេលដែលមិនប្រើ ។ ព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍មួយទៀតគឺថាឧបករណ៍នេះប្រហែលជាមិនប្រើកាមេរ៉ាលាក់នៅក្រោមអេក្រង់ទេ មានន័យថា ក្រុមហ៊ុននឹងខួងរន្ធតូចមួយនៅលើអេក្រង់ ដោយកាត់បន្ថយភាពទំនើបនៃផលិតផល។
ទោះបីជាយ៉ាងនេះក្តីការបង្ហាញផលិតផលអេក្រង់បត់បានបីតង់របស់ Samsung នាពេលខាងមុខនេះនឹងក្លាយជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីក និងពង្រឹងត្រកូលទូរស័ព្ទដែលអាចបត់បានរបស់ខ្លួនឱ្យរឹងមាំជាងមុន៕










