ប្រទេសកេនយ៉ា ៖ Influencer កេនយ៉ាម្នាក់បានបង្កើតមាតិកាលើគំនរសំរាមសម្លៀកបំពាក់ ដើម្បីឱ្យមនុស្សគ្រប់គ្នាយល់ដឹងពីបញ្ហាកាកសំណល់កើតឡើងដោយសារការនិយមទិញសម្លៀកបំពាក់ទាន់សម័យ ។ វាបានក្លាយជាបញ្ហាពិបាកដោះស្រាយសម្រាប់ប្រទេសជាច្រើនក្នុងទ្វីបអាហ្វ្រិក ព្រមទាំងប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងពិភពលោក ។
.png)
អ្នកស្រី ជេណេត ឆេមិថេ អាយុ២៨ឆ្នាំ បានមកកាន់ភ្នំសំរាមឈ្មោះ ដេនឌ័រ៉ា ជាញឹកញាប់ ដើម្បីថតវីដេអូតាមទូរស័ព្ទដៃ និងផ្សព្វផ្សាយក្នុងបណ្តាសង្គមអំពាវនាវឱ្យគ្រប់គ្នាយល់ដឹងពីផលប៉ះពាល់បរិស្ថាន ដោយសារការបោះចោលសម្លៀកបំពាក់ក្លាយជាភ្នំសំរាម ។ វីដេអូមួយក្នុង Instagram របស់អ្នកស្រី គឺមានចំនួនទស្សនារហូតដល់ជាង១០លានលើក ។ អ្នកស្រីថា ៖ «ខ្ញុំមានគោលដៅចែកចាយវីដេអូដើម្បីឱ្យគ្រប់គ្នាដឹងថា សម្លៀកបំពាក់ទាន់សម័យប៉ះពាល់បរិស្ថានកម្រិតណា ។ ដេនឌ័រ៉ា ជាកន្លែងចាក់សំរាមដ៏ធំនៅជាយក្រុងណូរ៉ូប៊ី និងលើពិភពលោក» ។
ដំណោះស្រាយរបស់អ្នកស្រី គឺពុំគួរបោះសម្លៀកបំពាក់ណាដែលអាចស្លៀកបាន ហើយអ្នកស្រីតែងតែដើររកសម្លៀកបំពាក់ចាស់ៗមកកែច្នៃឡើងវិញ ។ អ្នកស្រីប្រាប់វា សម្លៀកបំពាក់ចាស់ក៏អាចកែច្នៃជាសម្លៀកបំពាក់ឡូយបានដែរ គ្រាន់តែយើងព្យាយាមប៉ុណ្ណោះ ។ ពេលឃើញយុវជនលើកទឹកចិត្តអ្នកដទៃឱ្យយកសម្លៀកបំពាក់មកដោះដូរគ្នា, ទិញសម្លៀកបំពាក់ជជុះ និងដេរសម្លៀកបំពាក់ដោយខ្លួនឯង គឺខ្ញុំមានក្តីសុខខ្លាំងណាស់ ពីព្រោះនេះជាគោលដៅនៃការបង្កើតមាតិការបស់ខ្ញុំឱ្យមនុស្សគ្រប់គ្នាកាត់បន្ថយការទិញសម្លៀកបំពាក់ទាន់សម័យ ។
ក្រៅពីការបង្កើតមាតិកាផ្សព្វផ្សាយក្នុងបណ្តាញសង្គមឱ្យយល់ដឹងពីបញ្ហាភ្នំសំរាម អ្នកស្រីបានរៀបចំសិក្ខាសាលាបកស្រាយក្នុងកម្មវិធី Fair Fashion នៅទីក្រុងណូរ៉ូប៊ី ដែលមានអ្នករចនាម៉ូដសម្លៀកបំពាក់ក្នុងស្រុក និងសិល្បករយកសម្លៀកបំពាក់កែច្នៃមកបង្ហាញ ។ ក្រៅពីនេះ អ្នកចូលរួមកម្មវិធីក៏បានដោះដូរសម្លៀកបំពាក់ជជុះផងដែរ ។
តាមទិន្នន័យក្នុងគម្រោងបរិស្ថានរបស់អង្គការសហប្រជាជាតិបង្ហាញថា ក្នុង១ឆ្នាំៗ សម្លៀកបំពាក់ទាន់សម័យពុំទាន់ដាច់រហែក ឬអាចស្លៀកពាក់បាន ស្មើទឹកប្រាក់ជាង៤៦០ពាន់លានដុល្លារអាមេរិក ត្រូវគេបោះចោលក្លាយជាសំរាម ។ ឧស្សាហកម្មសម្លៀកបំបាក់ទាន់សម័យបានបំពុលបរិស្ថាន ១០% ហើយពលរដ្ឋប្រទេសរីកចម្រើនបានទិញសម្លៀកបំពាក់ថ្មីលើសតម្រូវការ និងលក់សម្លៀកបំពាក់ជជុះទៅប្រទេសក្រីក្រ គឺកេនយ៉ា ៕










