កូនអាន និង ល្អហួស ពិតជាធ្វើឱ្យមហាជនកោតស្ងប់ស្ញែងនិងមានមោទនភាពយ៉ាងខ្លាំងក្នុងការដែលអ្នកទាំងពីរពុះពារជាមួយនឹងអាកាសធាតុត្រជាក់ដូចគ្នាក្នុងគោលដៅតែមួយក្នុងការរាំរបាំអប្សរានៃសិល្បៈវប្បធម៌ខ្មែរបង្ហាញទៅកាន់ពិភពលោក។

កាលពីខែកញ្ញា ឆ្នាំ២០២៣ នាដការី សុគា គីមលាង ហៅ កូនអាន បានធ្វើឱ្យប្រជាជនកម្ពុជាមានមោទនភាពនិងស្ញប់ស្ញែងយ៉ាងខ្លាំងទៅកាន់នាដការីរបាំបុរាណរូបនេះដែលបានគ្រងឈុតអប្សរាសម្តែងរបាំព្រះរាជទ្រព្យ ( របាំអប្សារា)នៅលើភ្នំទឹកកក នៃប្រទេសនូវែលសេឡង់ (New Zealand) ប្រកដដោយស្នាមញញឹម ទន់ភ្លន់ រេរាំយ៉ាងស្រស់ស្អាតនៅក្នុងភាពដ៏ត្រជាក់។

វីដេអូរបស់ សុគា គីមលាង បានធ្វើឱ្យផ្ទុះពេញបណ្តាញសង្គម និងលេចនៅលើផ្ទាំងប៉ាណូមួយចំនួនលើដងវិថីក្នុងរាជធានីភ្នំពេញ។ អ្វីដែលកាន់តែពិសេស វីដេអូការរាំរបាំអប្សរា របស់ កូនអាន ទទួលបានការកោតសរសើរនិងការបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នានេះ កាលពីពេលថ្មីៗនេះ ប្រជាជនកម្ពុជាក៏បានសម្តែងនូវអារម្មណ៍មានមោទនភាពទៅកាន់ ល្អហួស ដែលជាក្មេងស្រីម្នាក់បានស៊ូទាំ្រ អត់ធ្មត់ ពុះពារនឹងអាកាសធាតុត្រជាក់ដូចគ្នាក្នុងការរាំរបាំអប្សរាពីមុខផ្ទាំងទឹកកកនៅប្រទេសចិន។ វីដេអូរបស់ ល្អហួស ក្នុងរាំរបាំអប្សរាក្នុងអាកាសធាតុត្រជាក់បង្ហោះនៅល្ងាចថ្ងៃទី៥ មករា គឺមានការចូលទស្សនាជាង៤.៧លានដងឯណោះក្នុងរយៈពេលជិត២ថ្ងៃ។
ការលះបង់របស់ កូនអាន និង ល្អហួស សុទ្ធតែទទួលបានការកោតសរសើរពីសំណាកមហាជនជាមួយនឹងអារម្មណ៍មោទនភាពដែលឃើញកូនខ្មែរបានលះបង់តស៊ូ អត់ធ្មត់ ក្នុងគោលដៅតែមួយគឺដើម្បីលើកស្ទួយនិងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។
គួរឱ្យដឹងថា អំឡុងពេល ល្អហួស តំណាងកម្ពុជាប្រកួតក្នុងកម្មវិធី Miss Preteen Junior Idol World 2024 នៅប្រទេសថៃ កូនអាន បានជិះយន្តហោះទៅគាំទ្រ ល្អហួស ផងដែរនិងបានជួយជ្រោមជ្រែងសម្រាប់ ល្អហួស ក្នុងការរាំរបាំអប្សរានៅក្នុងការប្រកួតដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង៕










