ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ អំពីការបញ្ចុះតម្លៃអគ្គិសនីមកត្រឹមតែ៣.៧០បាតក្នុង១គីឡូវ៉ាត់ (ឬស្មើ៣០០រៀល) ដោយលោកស្រីថ្លែងថា រដ្ឋាភិបាលមានគោលដៅបញ្ចុះតម្លៃអគ្គិសនី ដើម្បីជួយដោះស្រាយបន្ទុកចំណាយរបស់ពលរដ្ឋ ។

រដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការបញ្ចុះតម្លៃអគ្គិសនីឱ្យកាន់តែថោកជាងមុន ហើយបើរដ្ឋាភិបាលចរចាជាមួយស្ថាប័នពាក់ព័ន្ធពីការបញ្ចុះតម្លៃអគ្គិសនីមកនៅត្រឹម៣.៧០បាត ដោយជោគជ័យ គឺវានឹងក្លាយជាប្រយោជន៍សម្រាប់ជាតិ និងស្របតាមគោលដៅ ។ យើងនឹងព្រមព្រៀង និងជជែកជាមួយស្ថាប័នពាក់ព័ន្ធជាច្រើន ហើយអាចនឹងរង់ចាំពេលបន្តិច ប៉ុន្តែវាជាគោលដៅរបស់រដ្ឋាភិបាល ពលរដ្ឋពុំចាំបាច់បារម្ភពីបញ្ហានេះទេ ពីព្រោះការបញ្ចុះតម្លៃអគ្គិសនី គឺជាប្រធានបទដំបូងគេដែលត្រូវពិភាក្សាគ្នា ។
ការបញ្ចុះតម្លៃអគ្គិសនីនឹងធ្វើឡើងដំណាក់កាលបន្តបន្ទាប់ រហូតបញ្ចុះមកនៅត្រឹម៣.៧០បាត ដើម្បីប្រកួតប្រជែងជាមួយប្រទេសនានាលើពិភពលោក ។ វានឹងជួយកាត់បន្ថយការចំណាយប្រាក់របស់ពលរដ្ឋ ហើយពលរដ្ឋនឹងរស់នៅមានជីវភាពសមរម្យ ។ លោកស្រី ផេថងថាន បានពិភាក្សាជាមួយលោក ផីរ៉ាផាន់ សាលីរ៉ាត់ថាវិផាក រដ្ឋមន្ត្រីក្រសួងថាមពល ហើយរដ្ឋាភិបាលតែងយកចិត្តទុកដាក់ពីតម្លៃអគ្គិសនី ប៉ុន្តែត្រូវគិតពីផលប៉ះពាល់ផ្នែកថាមពលផងដែរ ។
ការប្រកាសពីគោលដៅបញ្ចុះតម្លៃអគ្គិសនីមកនៅត្រឹមតែ៣.៧០បាតនេះ គឺបន្ទាប់ពីលោកស្រី ផេថងថាន បានអញ្ជើញចូលរួមក្នុងកម្មវិធីទិវាកុមារជាតិ ដោយលោកស្រីបញ្ជាក់ថា រដ្ឋាភិបាលប្តេជ្ញាបញ្ចុះតម្លៃអគ្គិសនីឱ្យបាន ដើម្បីឱ្យពលរដ្ឋប្រើប្រាស់អគ្គិសនីក្នុងតម្លៃថោកសមរម្យ ។.png)
គួរបញ្ជាក់ថា ពេលរកសំឡេងឆ្នោត គណបក្សភឿថៃរបស់លោកស្រី ផេថងថាន ធ្លាប់ប្រកាសថា នឹងបញ្ចុះតម្លៃអគ្គិសនី និងប្រេងឥន្ធនៈឱ្យពលរដ្ឋ ។ បើអគ្គិសនីមានតម្លៃ៣.៧០ក្នុង១គីឡូវ៉ាត់តាមគោលដៅ បញ្ជាក់ថា អគ្គិសនីមានតម្លៃថោកបំផុតក្នុងអាណត្តិលោកស្រី បើធៀបនឹងរដ្ឋាភិបាលអាណត្តិមុនៗ ៕










