ល្អហួស បានធ្វើឱ្យសាធារជនរួមទាំងអ្នកសិល្បៈ បុគ្គលមានឥទ្ធិពលនៅលើបណ្តាញសង្គមជាច្រើនរូបបានសម្តែងការកោតសរសើរសម្រាប់ការលះបង់អត់ធ្មត់ស៊ូទ្រាំក្នុងអាកាសធាតុដ៏ត្រជាក់ជាមួយនឹងផ្ទាំងទឹកកកនៅប្រទេសចិនក្នុងការរាំរបាំអប្សរា។ ភាពស៊ូទ្រាំរបស់ ល្អហួស ដែលលើកស្ទួយសិល្បៈវប្បធម៌ខ្មែរនេះពិតជាជំរុញឱ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាកាន់តែល្បីរីកសុះសាយនៅទូទាំងពិភពលោកបន្ថែមទៀត។
ថ្មីៗនេះ ល្អហួស Miss Preteen Junior Idol World 2024 បានបង្ហោះវីដេអូ រាំរបាំអប្សរា ពីមុខ ផ្ទាំងទឹកកកនៅឯប្រទេសចិន ប្រកបដោយភាពទន់ភ្លន់ ទឹកមុខពោរពេញដោយស្នាមញញឹមជានារីខ្មែរមួយរូប បើទោះបីជាប្រឈមនឹងអាកាសធាតុត្រជាក់ខ្លាំងយ៉ាងណាក្តីក៏អាចស៊ូទ្រាំបាន។ ល្អហួស បានសង្កត់ធ្ងន់ថា «ផ្ការំដួលមួយទងនេះនឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានក្លិនក្រអូប…»។ ល្អហួស បានបន្ថែមដែរថា នាងពិតជាមានមោទនភាពណាស់ដែលបានកើតមកជាកូនខ្មែរ បានចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរនៅក្នុងប្រទេសចិន។
ស្ថិតក្នុងវ័យ១៦ ឆ្នាំ ល្អហួស បានធ្វើឱ្យសាធារណជន និងអ្នកសិល្បៈជាច្រើនសម្តែងនូវការកោតសរសើរសម្រាប់យុវត្តីរូបនេះដែលបានលះបង់ តស៊ូ អត់ធ្មត់ លើកស្ទួយមុខមាត់ប្រទេសរបស់ខ្លួនឱ្យកាន់តែផូរផង់។ ការបង្ហាញរបស់ ល្អហួស នៅផ្ទាំងទឹកកកដែលឆ្លាក់ពីរចនាប័ទ្មប្រាសាទបាយ័នរបស់ប្រទេសកម្ពុជា បានធ្វើឱ្យភ្ញៀវទេសចរនៅទីនោះឈរមើលការសម្តែងរបស់ ល្អហួស ផងដែរ។
Influencer MPJ បានសរសេរថា «ប្រជាជនកម្ពុជាពិតជាមានមោទនភាពលើអ្នកណាស់, ផេកគាំទ្របវរកញ្ញា Beauty Pageant Reviewer បានខម្មិនថា «ម្ចាស់បេះដូងពូ មិនដឹងរកពាក្យអ្វីមកសរសើរ ល្អពេកហើយក្មួយ អរគុណណាដែលព្យាយាម និងតស៊ូអត់ធ្មត់ទ្រាំរងាដើម្បីរាំរបាំអប្សារាកម្ពុជាយើងបង្ហាញដល់ពិភពលោក»។
ពិធីករ ជា វណ្ណារិទ្ធ ថា «អរគុណប្អូនស្រី នាំយករបាំអស្ចារ្យរបស់កម្ពុជាទៅកាន់ពិភពលោក ពិតជាមោទនភាពណាស់ , កុយ អេនណា ហ្វាហ្វា និងទស្សនិកជនជាច្រើនទៀតបានខម្មិនកោតសរសើរដល់ ល្អហួស»៕