នៅត្រីមាសទី១ ឆ្នាំ២០២៥ អ្នកវិទ្យាសាស្ត្រមកពីអង្គការរុករកមហាសមុទ្រទឹកជ្រៅ នឹងសាកល្បងបញ្ជូនក្រុមអ្នកជ្រមុជទឹកទៅស្នាក់នៅ និងធ្វើការនៅបាតសមុទ្រ រយៈពេល១សប្តាហ៍ ។ អ្នកវិទ្យាសាស្ត្ររំពឹងថាថា ចាប់ពីឆ្នាំ២០៣០ តទៅ មនុស្សនឹងអាចរស់នៅបាតសមុទ្របានច្រើនឆ្នាំ ហើយនេះជាជម្រើសថ្មីមួយទៀត ក្រៅពីការរស់នៅលើភពអង្គារ ។

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា អង្គការរុករកមហាសមុទ្រទឹកជ្រៅបានចាប់ផ្តើមស្រាវជ្រាវគម្រោងមួយចំណាយពេលជាច្រើនឆ្នាំ ដើម្បីបញ្ជូនមនុស្សទៅរស់នៅបាតសមុទ្រជម្រៅប្រមាណ២០០ម៉ែត្រ ក្នុងរយៈពេលជាច្រើនសប្តាហ៍, ច្រើនខែ និងអាចរស់នៅច្រើនឆ្នាំ ។
នៅត្រីមាសទី១ ឆ្នាំ២០២៥ អង្គការនេះនឹងសាកល្បងការស្នាក់នៅបាតសមុទ្រក្នុងបន្ទប់ឈ្មោះថា Vanguard ដែលមានទំហំប៉ុនទូរកុងទឺន័រ និងអាចបម្លាស់ទីបាន ។ អ្នកជ្រមុជទឹកអាចស្នាក់នៅបន្ទប់នេះបាន៣នាក់ រយៈពេល១សប្តាហ៍ ហើយពួកគេនឹងធ្វើការនៅបាតសមុទ្របានយូរជាងនេះ ពីព្រោះមានកន្លែងបរិភោគអាហារ និងសម្រាក ។
.png)
ក្រៅពីនេះ អង្គការរុករកមហាសមុទ្រទឹកជ្រៅ ក៏មានគម្រោងបណ្តុះបណ្តាលអ្នកស្រាវជ្រាវដែលចាប់អារម្មណ៍ចង់រស់នៅបាតសមុទ្រនៅកន្លែងដែលពួកគេរៀបចំផងដែរ ។ ពួកគេរំពឹងថា គម្រោងនេះនឹងអាចបំពេញតម្រូវការរុករកនៅបាតសមុទ្រដើម្បីឈ្វេងយល់ពីប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានក្រោមទឹកដ៏អាថ៌កំបាំង ហើយមហាសមុទ្របានស្រូបកាបូនឌីអុកស៊ីត១ភាគ៤ និងស្រូបកំដៅប្រមាណ៩០% ដែលបង្កើតឡើងដោយមនុស្ស ។

ក្រោយពីបញ្ចប់ការសាកល្បងស្នាក់នៅបាតសមុទ្រនៅត្រីមាសទី១ ឆ្នាំ២០២៥ គម្រោងរស់នៅបាតសមុទ្រនឹងដំណើរការជាបណ្តើរៗនៅឆ្នាំ២០២៧ ហើយចាប់ពីឆ្នាំ២០៣០ តទៅ មនុស្សនឹងអាចរស់នៅបាតសមុទ្រជាច្រើនឆ្នាំ ។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពីអង្គការរុករកមហាសមុទ្រទឹកជ្រៅ ៕









