ប្រទេសចិន ៖ ទីក្រុងប៉េកាំង ប្រទេសចិន បានអនុញ្ញាតឱ្យផ្តល់សេវាកម្មដឹកអ្នកដំណើរតាមរថយន្តក្រុងសាធារណៈ និងរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ តទៅ ដើម្បីលើកកម្ពស់បច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិឱ្យកាន់តែទូលំទូលាយ និងឈានមុខគេលើពិភពលោក ។

កាលពីដើមខែមករា ឆ្នាំ២០២៥ កាសែត Beijing Deli រាយការណ៍ថា រថយន្តបើកបរដោយស្វ័យប្រវត្តិដែលបានសាកល្បងបើកបរតាមផ្លូវ និងឆ្លងកាត់ការវាយតម្លៃសុវត្ថិភាព គឺអាចដឹកអ្នកដំណើរនៅទីក្រុងប៉េកាំងបាន ។ នៅខែសីហា ឆ្នាំ២០២៤ កន្លងមក ប្រទេសចិនបានអនុញ្ញាតឱ្យក្រុមហ៊ុននានាសាកល្បងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិរបស់រថយន្តក្រុង និងរថយន្តតាក់ស៊ី នៅទីក្រុងចំនួន១៩ មុនពេលដឹកអ្នកដំណើរជាក់ស្តែង ។

ក្រុមហ៊ុនដែលមានរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិច្រើនជាងគេនៅចិន គឺក្រុមហ៊ុន Apollo Go ជាសាខារបស់ Baidu ដែលជាក្រុមហ៊ុនមានបច្ចេកវិទ្យានាំមុខ ។ ក្រុមហ៊ុន Apollo Go មានគម្រោងផ្តល់សេវាកម្មដឹកអ្នកដំណើរតាមរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ ចំនួន១,០០០គ្រឿង នៅទីក្រុងអ៊ូហាន់ នៅឆ្នាំ២០២៥ ។
ចំណែកក្រុមហ៊ុន Pony ដែលបានចុះបញ្ជីនៅទីផ្សារសហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ មានគម្រោងពង្រីកការដឹកអ្នកដំណើរតាមរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅទូទាំងប្រទេសចិន ចាប់ពី២៥០គ្រឿង នៅឆ្នាំ២០២៥ រហូតដល់ជាង១,០០០គ្រឿងនៅឆ្នាំ២០២៦ ។
ក្រុមហ៊ុនផ្សេងៗ ដូចជា ៖ ក្រុមហ៊ុន WeRide, AutoX និង SAIC Motor ក៏បានស្វែងរកឱកាសផ្តល់សេវាកម្មដឹកអ្នកដំណើរតាមរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅទីក្រុងប៉េកាំងផងដែរ ។ រីឯ Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់អាមេរិកបានកំណត់គោលដៅផ្តល់សេវាកម្មរថយន្តបើកបរស្វ័យប្រវត្តិនៅចិន ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ហើយ Tesla នឹងចាប់ផ្តើមផលិតរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ នៅឆ្នាំ២០២៦ ៕










