មួយរយៈក្រោយនេះ កូនដំរីញីមួយក្បាលដែលត្រូវបានគេស្គាល់ថាជា«អូនលំផាត់» កំពុងតែទាញយកចំណាប់អារម្មណ៍ពីមហាជន ភ្លុកទឹកភ្លុកដីទៅទស្សនាកម្សាន្តជាបន្តបន្ទាប់ នៅឯសួនសត្វភ្នំតាម៉ៅ លើទឹកដីខេត្តតាកែវ។

ថ្មីៗនេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញអំពីផ្ទាំងតូចល្មមមួយ ដែលជាតារាពេលវេលាដើម្បីជួបជាមួយអូនលំផាត់។ តាមការគូសបញ្ជាក់ អូនលំផាត់ គឺបើកឲ្យភ្ញៀវចូលទស្សនាជារៀងរាល់ថ្ងៃតែម្តង ដោយនៅពេលព្រឹក ចន្លោះម៉ោង ៩៖៣០-៩៖៥០នាទី និង ម៉ោង១០៖៣០-១០៖៥០នាទី។ នៅពេលរសៀលវិញ គឺនៅចន្លោះម៉ោង ១៖៣០-១៖៥០នាទី និង ម៉ោង ៣៖៣០-៣៖៥០។

សូមជម្រាបថា អូនលំផាត់ ជាកូនដំរីញីមួយក្បាល មានអាយុប្រហែល ៦ខែ និងមានទំងន់១៣៨គីឡូក្រាម ដោយបច្ចុប្បន្ន កំពុងតែទទួលការសង្គ្រោះនិងព្យាបាលនៅឯសួនសត្វភ្នំតាម៉ៅ។ ភាពល្បីល្បាញរបស់អូនលំផាត់ ដោយសារតែភាពឆ្លាតវៃ រូបរាងដ៏ខ្ជូតគួរឲ្យស្រលាញ់ និងប្រវត្តិដ៏ជូរចត់។ 
មុនពេលដែលកូនដំរីមួយក្បាលនេះមកដល់សួនសត្វភ្នំតាម៉ៅ គឺមានរបួសជើងមុខខាងស្តាំដោយសារការដាក់អន្ទាក់របស់ព្រានព្រៃ។ អូនលំផាត់ ត្រូវបានបញ្ជូនមកកាន់មជ្ឈមណ្ឌលសង្គ្រោះភ្នំតាម៉ៅ កាលពីអំឡុងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ យ៉ាងណា ដោយសារតែមានរបួសជើងមុខខាងស្តាំនោះធ្ងន់ធ្ងរ គឺត្រូវការពេលវេលាព្យាបាលយូរទៀត ខណៈវាក៏មិនទាន់ចេះស៊ីចំណីបានត្រឹមត្រូវនោះទេ។ ដូច្នេះហើយ នាងតូចដំរីញីមួយក្បាលនេះក៏ត្រូវតែមានការថែទាំឲ្យបានដិតដល់ពីក្រុមការងារ នៅឯសួនសត្វនោះ។
បើក្រឡេកទៅកាន់បណ្តាញសង្គមវិញ ទាំងនៅលើ Tik Tok និងហ្វេសបុក នាងតូចលំផាត់ហាក់មានភាពល្បីល្បាញខ្លាំង ដោយមានការដាក់បង្ហោះនិងចែករំលែកជាបន្តបន្ទាប់ ខណៈក៏មានសប្បុរសជននានាឧបត្ថម្ភជាថវិកាផង និងជូនជាទឹកដោះគោរជូនផងដែរ។ អ្នកលេងបណ្តាញសសង្គមភាគច្រើនបានហៅនាងតូចលំផាត់ថាជា កូនដំរីនាំសំណាង ត្រូវតែទៅលេងឲ្យបានម្តងក្នុងមួយឆាកជីវិត៕










