តារាសម្ដែងចិន Zhao Lusi បាននិយាយជាលើកដំបូងថានាងមានជំងឺធ្លាក់ទឹកចិត្ត ប៉ុន្តែមិនបានយកចិត្តទុកដាក់ចំពោះស្ថានភាពសុខភាពរបស់ខ្លួនក្នុងការព្យាបាលហើយបន្តប្រឹងប្រែងលើការងារ។ ងាកទៅកាន់មិត្តភក្តិរបស់តារាស្រីរូបនេះវិញបានបង្ហាញថាក្នុងខែមេសា ឆ្នាំ២០១៩ នាងត្រូវបានបុគ្គលម្នាក់ប្រើហិង្សាពាក្យសម្តីជេរប្រមាថនាងចំពោះការខកខានក្នុងការទទួលបានតួនាទីក្នុងខ្សែភាពយន្ត។

កន្លងមកនេះតារាសម្តែង Zhao Lusi បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពរបស់នាងបន្ទាប់ពីធ្លាយរូបភាពនាងអង្គុយលើរទេះរុញ ហើយបណ្តាញសង្គមចិន Weibo របស់នាងដែលមានអ្នកតាមដានជិត៣០លាននាក់ផ្អាកដំណើរការ។ យ៉ាងណាមិញនៅល្ងាចថ្ងៃទី១ ខែមករា នៅលើទំព័រផ្ទាល់ខ្លួន Zhao Lusi បានសរសេរអត្ថបទអំពីខ្លួននាងជាលើកដំបូង។ នាងបាននិយាយថានាងមិនដែលប្រើជំងឺរបស់នាងជា «ល្បិច» ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយទេ ប៉ុន្តែត្រូវតែបង្ហាញជាសាធារណៈ ព្រោះមានពាក្យចចាមអារ៉ាមជាច្រើនដែលជះឥទ្ធិពលអវិជ្ជមានដល់ខ្លួនឯង និងគ្រួសាររបស់នាង។
.png)
តារាស្រីរូបនេះបាននិយាយថា កាលនាងនៅក្មេង គ្រប់គ្នាតែងតែនិយាយថានាងជា «ថូផ្កាគ្មានប្រយោជន៍» ហើយតែងតែត្រូវគេជេរប្រមាថលុះពេលធំឡើងនាងគិតថាត្រូវគេប្រព្រឹត្តអាក្រក់ព្រោះនាងមិនពូកែ។ នាងមិនបានស្វែងរកជំនួយទេ ប៉ុន្តែបានដោះស្រាយគ្រប់យ៉ាងដោយខ្លួនឯង។ នាងត្រូវស៊ូទ្រាំនឹងពាក្យចចាមអារ៉ាមមិនពិតជាច្រើនដូចជាការកែសម្ផស្ស និងការគំរាមកំហែងពីសហសេវិករបស់នាង។ នៅពេលដែលនាងទទួលបានជោគជ័យជាមួយនឹងគម្រោងភាពយន្តរបស់នាង នាងបានចាកចេញពីក្រុមហ៊ុនគ្រប់គ្រង ដោយបង់ថ្លៃបំពានកិច្ចសន្យា ប៉ុន្តែនៅតែទទួលបានមតិអវិជ្ជមានជាច្រើនរាល់ពេលនាងជាប់គាំងផ្លូវចិត្ត។
.png)
កាលពី៦ឆ្នាំមុន Zhao Lusi បានបង្ហាញសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ នៅពេលនោះមនុស្សជាច្រើននៅជុំវិញនាងបានប្រាប់នាងថា «កុំធ្វើវាឱ្យលើស» «គិតឱ្យច្បាស់ហើយអ្វីៗនឹងល្អ» ។ ឮដូច្នេះ តារារូបនេះបានចាត់ទុកខ្លួនឯងទន់ខ្សោយ ហើយមិនអើពើនឹងបញ្ហាផ្លូវចិត្តរបស់ខ្លួន។ នៅឆ្នាំ ២០២១ ស្ថានភាពសុខភាពរបស់នាងកាន់តែធ្ងន់ធ្ងរនៅពេលដែលនាងមានអារម្មណ៍ថាដូចជាមានម្ជុល ឬសត្វល្អិតវារលើរាងកាយរបស់នាង រួមជាមួយនឹងរោគសញ្ញាអាឡែស៊ី។ ទោះបីជានាងបានទៅជួបគ្រូពេទ្យ និងទទួលថ្នាំក៏ដោយ ក៏ស្ថានភាពរបស់នាងមិនប្រសើរឡើងដែរ។ បន្ទាប់មក Zhao Lusi បានទៅជួបអ្នកចិត្តសាស្រ្ត ហើយបានទទួលការព្យាបាលដើម្បីកាត់បន្ថយភាពតានតឹង។
ពីរឆ្នាំក្រោយមក Zhao Lusi បានទទួលរងនូវជំងឺជាច្រើនដូចជា រលាកសួត ស្ទះសួត ហៀរសំបោរ បែកញើសពេលយប់ ភ្ញាក់ពីដំណេកដោយភ័យខ្លាច បូករួមទាំងការស្លាប់របស់ញាតិសន្ដានរបស់នាង ដែលទាំងអស់នេះកើតឡើងក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែដោយសារគាត់គ្រោងនឹងចូលរួមក្នុងកម្មវិធីធំៗ Zhao Lusi មិនខ្វល់ពីអារម្មណ៍ខ្លួនឯងទេ។ នៅឆ្នាំ ២០២៤ នាងបានទទួលរងនូវរោគសញ្ញានៃការក្អួតស្ងួត វិលមុខ ឈឺសន្លាក់ ឈឺក និងអាឡែស៊ីញឹកញាប់។
នៅចុងបញ្ចប់នៃការបង្ហោះ Zhao Lusi សង្ឃឹមថាគ្រប់គ្នានឹងដឹងថា ជំងឺធ្លាក់ទឹកចិត្តមិនអាចដោះស្រាយបានដោយគ្រាន់តែគិតវិជ្ជមាន ឬបញ្ចេញនូវអ្វីគ្រប់យ៉ាងដែលអ្នកចង់និយាយនោះទេ។ តារាសម្ដែងរូបនេះបានសរសេរថា៖ «កុំបណ្តោយខ្លួនឱ្យជាប់ក្នុងអន្លង់អន្លោចនៃមតិសាធារណៈ តែមិនអាចសង្គ្រោះខ្លួនឯងបាន ស្វែងយល់ពីជំងឺផ្លូវចិត្ត ផ្តោតលើការព្យាបាល នេះពិតជាសំខាន់ខ្លាំងណាស់។ គិតថាវាជាពេលវេលាដើម្បីបំបែកជម្លោះនៅក្នុង បេះដូងរបស់ខ្ញុំ និងបង្កើតខ្លួនឯងឡើងវិញ សូមអរគុណចំពោះសេចក្តីស្រឡាញ់របស់មនុស្សគ្រប់គ្នា ខ្ញុំអាចរស់ឡើងវិញបាន សូមជូនពរអ្នកទាំងអស់គ្នាឱ្យជួបតែសេចក្តីសុខ សុភមង្គល ជារៀងរាល់ថ្ងៃ»។

បន្ទាប់ពីតារាសម្តែង Zhao Lusi បានបង្ហាញពីជំងឺធ្លាក់ទឹកចិត្តរបស់ខ្លួនជាសាធារណៈរឿងនេះបានធ្វើឱ្យជាប់ចំណាត់ថ្នាក់កំពូលនៃប្រធានបទដែលចាប់អារម្មណ៍នៅលើ Weibo ជាមួយនឹងសារលើកទឹកចិត្តយ៉ាងច្រើនពីទស្សនិកជន។ នៅល្ងាចថ្ងៃដដែលនេះ តំណាងក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្ដែងរូបនេះបាននិយាយថា ខ្លួនបានព្យាយាមជួយ Zhao Lusi ដោះស្រាយបញ្ហានេះ។ មិត្តជិតស្និទ្ធរបស់ Zhao Lusi បានធ្វើបច្ចុប្បន្នភាពស្ថានភាពរបស់ Zhao Lusi នៅលើទំព័រផ្ទាល់ខ្លួនរបស់ខ្លួនដោយតារាសម្ដែងរូបនេះមានការលំបាកក្នុងការហូបចុក ហើយត្រូវបានមិត្តភ័ក្ដិជួយឱ្យចូលគេង និងរៀនដើរ។ ទស្សនិកជនជាច្រើនបានរិះគន់ក្រុមហ៊ុនគ្រប់គ្រង និងក្រុមការងារភាពយន្តដែលនាងបានចូលរួមពីបទកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ Zhao Lusi គ្មានពេលសម្រាក។ 
ងាកទៅកាន់មិត្តភក្តិរបស់តារាស្រីវ័យ២៦ឆ្នាំរូបនេះបានទម្លាយថាកាលពីខែមេសា ឆ្នាំ២០១៩ Zhao Lusi ធ្លាប់ត្រូវបានបុគ្គលម្នាក់បង្ខំឱ្យចូលទៅក្នុងបន្ទប់ទឹកស្តីបន្ទោសនាងដល់ទៅ២ម៉ោង។ បុគ្គលម្នាក់នោះបានរិះគន់ទម្ងន់ ជំនាញ និងរូបរាង និងមើលងាយសមត្ថភាពរបស់នាងបើធៀបនឹងតារាស្រីដទៃទៀត ជាហេតុធ្វើឱ្យនាងតូចចិត្តឃុំខ្លួនឯងនៅក្នុងបន្ទប់ងងឹត៕










