ទីធ្លាវត្តមុន្នីរតនារាម ហៅវត្តទួលទំពូង នឹងប្រែក្លាយជាសួនបៃតង ក្នុងរាជធានីមានលក្ខណៈទំនើប ដែលអនុញ្ញាតឱ្យប្រជាពលសម្រាកលំហែកម្សាន្ត ការហាត់ប្រាណ និងសកម្មភាពការជួបជុំផ្សេងៗ។
គម្រោងនេះមានឈ្មោះថា “សួនសាមគ្គី” ដែលផ្តោតទៅលើទីលានបៃតងខ្នាតតូច ដើម្បីលើកកម្ពស់សុខមាលភាព ទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្តប្រកប ដោយសុខដុមរមនា និងសាមគ្គីភាពនៅក្នុងសង្គម។

“សួនសាមគ្គី” ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយ និងគាំទ្រ ដោយក្រុមហ៊ុន ជីប ម៉ុង ក្នុងការកែប្រែសោភ័ណភាពទីក្រុងឱ្យបានប្រសើរឡើង សម្រាប់ការគោរពបូជារបស់ពុទ្ធសាសនិក។
បើតាមរដ្ឋលេខាធិការក្រសួងដែនដី ឯកឧត្តម ផារ៉ា មង្គល បានលើកឡើងថា៖”ក្រោយសាងសង់រួច ទីធ្លាវត្តអារាមនឹងសម្បូរទៅដោយភាពបៃតងជាមួយនឹងដើមឈើធំៗដ៏ត្រជាក់ គ្មានអ្នកជក់គ្រឿងញៀននៅក្រោយចេតិយ គ្មានក្មេងទំនេីង ព្រមទាំងគ្មានការបន្ទរបង់ពាសវាងពាសកាលនៅទីធ្លាវត្តអារាម ប្រែក្លាយទីធ្លាវត្តអារាមពោពេញទៅដោយភាពបៃតងនៅក្នុងចំណោមអាគារខ្ពស់ៗនៅក្នុងទីក្រុង”។
បន្ថែមពីនេះ “សួនសាមគ្គី” មិនមែនគ្រាន់តែជាទីលានធម្មជាតិទេ ប៉ុន្តែវានឹងបង្ហាញពីអត្ថន័យដ៏ល្អសម្រាប់ភាពរួមសាមគ្គី ដោយគំនិតនេះជាដំណោះស្រាយមួយដ៏ល្អក្នុងការជំរុញភាពសុខដុមរមនានៅក្នុងសង្គម៕










