ផ្អើលទាំងរាត្រីបន្ទាប់ពីតារាចម្រៀង រ៉ាប៊ី បានបង្ហោះសំណេរយ៉ាងក្តៅគគុកមួយនៅលើបណ្តាញសង្គមប្រតិកម្មចំពោះ Poster ដែលឡើងតាមខ្សែមើលងាយនាង។ ទោះបីជាមិនបានដាក់ចំៗថាជា Poster អ្វីទស្សនិកជនបានសម្តៅទៅដល់ Poster សាទរកម្ពុជា ដែលមានឌីហ្សាញបញ្ចូលគ្នាចំពោះសិល្បករសិល្បការិនីដែលបានចូលរួម ខណៈ រ៉ាប៊ី ស្ថិតនៅជួរទី៣។

យប់ថ្ងៃទី៣០ ខែធ្នូ រ៉ាប៊ី បានបង្ហោះថា «Poster តាមខ្សែលើកក្រោយមិនបាច់ហៅច្រៀងទេ បើមើលងាយចឹង ខាតលុយកាត់រ៉ូប»។ ការបង្ហោះសំណេរនេះបានធ្វើឱ្យមានមតិវែកញែកយ៉ាងខ្លាំងខណៈអ្នកលេងបណ្តាញសង្គមបានតម្រង់មុខព្រួញចំពោះ Poster របស់កម្មវិធី សាទរកម្ពុជា ដែលបង្ហោះនៅក្នុងយប់តែមួយ។ មតិមួយចំនួនក៏បានប្រតិកម្មដែរថាការឌីហ្សាញរូបភាពនៅមានភាពខ្វះចន្លោះ ចំណែកឯមួយផ្នែកទៀតថាកុំប្រកាន់ច្រើនពេកព្រោះមានសិល្បករសិល្បការិនីច្រើន ហើយការដាក់សែរាជ្សនិងរៀមច្បងបែបនេះគឺជារឿងត្រឹមត្រូវហើយនិងបានលើកឡើងថាកុំឱ្យ រ៉ាប៊ី ក្រអើតក្រទមពេក។
ក្នុងរូបភាព Poster តារាចម្រៀង រ៉ាប៊ី ស្ថិតនៅជួរទី៣ ជិតតារាចម្រៀង សាយ ដែលនៅចំគន្តាល ខណៈជួរទី២ក្នុងរូបភាពរាប់ពីឆ្វេងមកស្តាំមានដូចជា សុគន្ធថេរ៉ាយុ វណ្ណថាន បាន មុន្នីល័ក្ខ រ៉ក់ស្ស៊ី សុខ សម្បត្តិ កេសរ ហ្សូណូ ករុណា ពេជ្រ និង ពូឃ្លាំង។ ចំណែកឯជួរលើគេ រាប់ពីឆ្វេងមកស្តាំមានដូចជាអ្នកនាង មាស សុខ សោភា វណ្ណដា ឱក សុគន្ធកញ្ញា អ្នកអង្គម្ចាស់ នរោត្តម រស្មីខេមុនី ព្រះនាង នរោត្តម ជេនណា អ្នកនាង ម៉េង កែវពេជ្ជតា សុគន្ធ និសា និង ពេជ្រ សោភា។
ទោះយ៉ាងណា ការបង្ហោះសំណេររបស់ រ៉ាប៊ី ដែលនាំឱ្យមានប្រធានបទក្តៅគគុកចំពោះ Poster ត្រូវបាននាងលុបឬលាក់ លែងឃើញមានជាបន្តទៀតហើយ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឱ្យរំភើបជាច្រើនដូចជាក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥រាជធានីខេត្ត និងការសម្ដែងសិល្បៈទស្សនីយភាពចម្រុះ ដែលមានសិល្បករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ។ កម្មវិធីពិសេសនេះគឺព្រឹត្តិទៅថ្ងៃទី៣១ ធ្នូ ចាប់ពីវេលាម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទាបភ្លឺ នៅមុខព្រះបរមរាជវាំង៕










