ជឿជាក់ថា ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ហើយ អ្នកគ្រូណាលី ជាគ្រូហុងស៊ុយបែបវិទ្យាសាស្រ្តមួយរូប ដែលនាពេលកន្លងមកនេះអ្នកគ្រូតែងដាក់បង្ហោះនូវខ្លឹមសារទាក់ទងនឹងក្បួនហុងស៊ុយជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។
ថ្មីៗនេះ នៅលើគេហទំព័រ«My Destiny វាសនាខ្ញុំ» របស់អ្នកគ្រូណាលី បានចែករំលែកថា ចូល ២០២៥ ឆ្នាំកំណើតដែលឆុងនោះមាន ៣ គឺ ឆ្នាំកុរ ឆ្នំាវក និងឆ្នាំខាល។ កម្លាំងថាមពល ឆ្នាំថ្មី ឆ្នាំម្សាញ់ (ធាតុភ្លើង) ដែលត្រូវនឹងឆ្នាំ ២០២៥នេះ នឹងឆុងជាមួយនឹងដួងរាសីចំនួន ៣ ខាងលើ។
អ្នកគ្រូបានឲ្យដឹងថា ការឆុង មានទាំងឆុងហេងនិងឆុងស៊យ (បើហេងគឺហេងខ្លាំង បើស៊យគឺស៊យខ្លាំងដូចគ្នា)។ សម្រាប់បុគ្គលដែលកើតក្នុងឆ្នាំកុរ ហើយមិនត្រូវជាមួយធាតុភ្លើងនៅក្នុងឆ្នាំ២០២៥ ពោលគឺឆុងស៊យ សូមមានការប្រុងប្រយ័ត្នចំពោះឧប្បត្តិហេតុគ្រោះថ្នាក់ ខាតបង់ទ្រព្យសម្បត្តិ លុយកាក់។ បើឆុងហេងវិញ សម្រាប់បុគ្គលដែលកើតក្នុងឆ្នាំកុរហើយត្រូវការធាតុភ្លើង ជីវិតនឹងមានការផ្លាស់ប្តូរទៅរកភាពល្អប្រសើរឡើង ដូចជាបានទទួលទ្រព្យសម្បត្តិ មរតកដីធ្លី បានទិញរថយន្តអគ្គីសនីថ្មីៗ។
សម្រាប់អ្នកដែលមានវក ក្នុងតួរាសី ហើយមិនត្រូវការធាតុភ្លើង ក្នុងឆ្នាំ២០២៥នេះ នឹងមានបញ្ហាទំនាស់ទាស់ទែង បែកបាក់សាមគ្គី ឃ្លាតឆ្ងាយពី គ្រួសារ ឯកោ យល់ច្រឡំគ្នា។ សម្រាប់អ្នកមាន វកក្នុងតួរាសីហើយត្រូវការធាតុភ្លើង ក៏មានបញ្ហានេះកើតឡើងដូចគ្នា តែទទួលបាន ផលល្អ។

សម្រាប់អ្នកដែលមាន ខាលក្នុង តួរាសីហើយមិនត្រូវការធាតុភ្លើង ក្នុងឆ្នាំ ២០២៥ នេះ នឹងមានបញ្ហាត្រូវគេលាបពណ៌ ប្រឌិតរឿង ទម្លាក់កំហុសឱ្យ មានបញ្ហា សម្ព័ន្ធភាព មិនចុះសម្រុងគ្នា ការងារមិនរលូន។ សម្រាប់អ្នកមាន ខាលក្នុងតួរាសី ហើយត្រូវការធាតុ ភ្លើង ក៏មានបញ្ហានេះដូចគ្នា តែទទួលផលផ្ទុយគ្នា គឺ បានផលល្អ៕










