ប្រទេសជប៉ុន ៖ ការរៀបចំពិធីឆ្លងឆ្នាំនៅជប៉ុនមានលក្ខណៈខុសប្លែកពីប្រទេសនានានៅលើពិភពលោក គឺពេលរៀបចំពិធីម្តងៗមានពលរដ្ឋជប៉ុនមកចូលរួមជាច្រើននាក់ ហើយពួកគេត្រូវតែសើចឱ្យឮសំឡេងខ្លាំងៗដើម្បីបណ្តេញរឿងរ៉ាវអាក្រក់ៗឱ្យចេញពីជីវិតក្នុងឆ្នាំចាស់ និងសូមឱ្យជួបតែសំណាងល្អក្នុងឆ្នាំថ្មី ។
មនុស្សជាច្រើននាក់បានមកប្រមូលផ្តុំគ្នានៅវត្តមួយកន្លែងក្នុងទីក្រុងអូសាកា ដើម្បីចូលរួមពិធីសើចឮខ្លាំងៗ ដែលវត្តតែងតែរៀបចំពិធីនេះនៅរៀងរាល់ចុងឆ្នាំ ។ ពួកគេជឿថា ការសើចនឹងជួយបណ្តេញរឿងរ៉ាវ និងការចងចាំអាក្រក់ៗក្នុងឆ្នាំចាស់ ហើយពួកគេនឹងជួបតែសំណាងល្អក្នុងជីវិតក្នុងឆ្នាំថ្មី ឬសម្រេចបំណងប្រាថ្នា ។
សារព័ត៌មានជប៉ុនរាយការណ៍ថា នៅចុងឆ្នាំ២០២៤នេះ មានពលរដ្ឋមកចូលរួមពិធីជាង១,០០០នាក់ ហើយពួកគេឈរសើចអស់រយៈពេលជាង២០នាទី ។ ព្រះសង្ឃក្នុងវត្តបានសើចមុនគេ ដើម្បីឱ្យអ្នកចូលរួមទាំងអស់សើចតាមក្រោយជាចង្វាក់ ដែលពិធីនេះមានភាពស្រដៀងគ្នានឹងការមកចូលរួមទស្សនាតន្ត្រីលើឆាក ។
ពលរដ្ឋជប៉ុនម្នាក់បាននិយាយមកកាន់សារព័ត៌មានថា ខ្លួនមកចូលរួមពិធីសើចជារៀងរាល់ឆ្នាំ ពុំដែលខកខានទេ ពីព្រោះក្រោយពីបានសើចរួចហើយធ្វើឱ្យខ្លួនមានអារម្មណ៍ថា មានសេចក្តីសុខ និងទទួលយកសំណាងល្អ ។ រីឯពលរដ្ឋជប៉ុនម្នាក់ទៀតដែលទើបចូលរួមពិធីសើចលើកដំបូងប្រាប់ថា ខ្លួនសើចឡើងហត់ ហើយមួយជីវិតនេះ ពុំធ្លាប់បានសើចបែបនេះពីមុនមកទេ ។

ក្រោយពីបញ្ចប់ពិធីសើច អ្នកចូលរួមទាំងអស់ក៏បាននាំគ្នាអង្គុយសុំពរឱ្យជួបតែសំណាងល្អ គ្រួសារមានសេចក្តីសុខ និងសម្រេចក្តីប្រាថ្នាក្នុងឆ្នាំថ្មីរៀងរាល់ខ្លួន ។ សរុបមក វាជាពិធីខុសប្លែកមួយ ខណៈប្រទេសផ្សេងៗបានប្រគំតន្ត្រី, បាញ់កាំជ្រួច, សូត្រធម៌ និងរៀបចំកម្មវិធីសប្បាយៗជាច្រើនទៀតដើម្បីអបអរការឆ្លងឆ្នាំ ៕










