ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជើងហោះហើរ 7C 2216 ដែលដឹកអ្នកដំណើរ និងបុគ្គលិកអាសចរណ៍ សរុប១៨១នាក់ ចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ ទៅកាន់អាកាសយានដ្ឋានមូអាន់ (Muan) ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ពីផ្លូវ Runway បណ្តាលឱ្យមនុស្សស្លា.ប់ រហូតដល់១៧៩នាក់ និងមានមនុស្សតែ២នាក់ប៉ុណ្ណោះនៅមានជីវិត ។
អតីតអាកាសយានិកកូរ៉េខាងត្បូងបាននិយាយពីមូលហេតុបណ្តាលឱ្យមានហេតុការណ៍សោកនាដកម្មនេះថា គឺមកពីផ្លូវ Runway មានចម្ងាយខ្លីត្រឹមតែ២,៨០០ម៉ែត្រ ហើយយន្តហោះមានបញ្ហាកង់មុខ កង់ក្រោយ និងប្រព័ន្ធហ្វ្រាំង ។ អតីតអាកាសយានិកបានណែនាំឱ្យអ្នកដំណើរប្រយ័ត្នគ្រោះថ្នាក់ដោយសារការធ្វើដំណើរតាមយន្តហោះចុះចតនៅអាកាសយានដ្ឋានមាន Runway ខ្លី ។

យន្តហោះនេះមានបុគ្គលិកអាកាសចរណ៍៦នាក់ និងអ្នកដំណើរ១៧៥នាក់ ក្នុងនោះអ្នកដំណើរកូរ៉េខាងត្បូង ១៧៣នាក់ និងថៃ ២នាក់ បានធ្លាក់ពី Runway ក្នុងអាកាសយានដ្ឋានអន្តរជាតិមូអាន់ ខេត្តឆុលឡាខាងត្បូង ដែលនៅឆ្ងាយពីទីក្រុងសេអ៊ូល ទៅភាគនិរតីប្រមាណ២៨៨គីឡូម៉ែត្រ និងទៅបុករបងបណ្តាលឱ្យចេញអណ្តាតភ្លើងយ៉ាងឆាប់រហ័ស ។
Runway ក្នុងអាកាសយានដ្ឋានមូអាន់ មានចម្ងាយខ្លីបំផុត ទើបអាកាសយានិកប្រើជំនាញខ្ពស់ដើម្បីចុះចតយន្តហោះ បើមានបញ្ហាកង់មុខ ឬប្រព័ន្ធហ្វ្រាំងនៅបរិវេណស្លាបយន្តហោះ គឺវាកាន់តែធ្វើឱ្យអាកាសយានិកពិបាកថែមទៀត ដូចជា ៖ ពុំអាចទម្លាក់ចុះកង់មុខ និងកង់ក្រោយបាន ។ ហេតុនេះ អ្នកដំណើរត្រូវជិះយន្តហោះចុះនៅ Runway ខ្លី គួរជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍ដែលមានការហោះហើរទៀងទាត់ទៅអាកាសយានដ្ឋាននោះ ពីព្រោះក្រុមហ៊ុននឹងជ្រើសរើសអាកាសយានិកមានជំនាញចុះចតនៅ Runway ខ្លី ។ នេះបើតាមការអះអាងរបស់អ្នកជំនាញផ្នែកយន្តហោះ ។
រីឯភ្នាក់ងារជួយសង្គ្រោះបញ្ជាក់ថា យន្តហោះព្យាយាមចុះចតជាបន្ទាន់ដោយសារប្រព័ន្ធចុះចតមានបញ្ហា ប៉ុន្តែយន្តហោះពុំអាចបន្ថយល្បឿនបាន ទើបធ្លាក់ពី Runway ហើយអាចមកពីយន្តហោះបុកសត្វស្លាបផងដែរ ។ ពួកគេបានជួយអ្នកដំណើរប្រុសម្នាក់ និងស្ត្រីម្នាក់ចេញពីកន្ទុយយន្តហោះ ។ វាជាហេតុការណ៍សោកនាដកម្មដ៏ធ្ងន់ធ្ងរបំផុតនៅកូរ៉េខាងត្បូង តាំងពីយន្តហោះ Korean Air ធ្លាក់នៅកោះកួម ក្នុងឆ្នាំ១៩៩៧ បណ្តាលឱ្យអ្នកដំណើរស្លាប់ជាង២០០នាក់ ។
មេដឹកនាំកូរ៉េខាងត្បូងបានប្រកាសកាន់ទុក្ខ ចំនួន៧ថ្ងៃ សម្រាប់យន្តហោះដឹកអ្នកដំណើរ Jeju Air ជួបគ្រោះថ្នាក់បណ្តាលឱ្យមនុស្សស្លា.ប់ ចំនួន ១៧៩នាក់ និងចាត់ទុកថា គឺជាការបាត់បង់ជីវិតមនុស្សច្រើនបំផុតក្នុងរយៈពេលច្រើនឆ្នាំមកនេះ ៕










