តើគួរធ្វើដូចម្តេចដើម្បីកម្ចាត់ក្លិនស្អុយចេញពីស្បែកជើងឃ្លុប? នេះជាសំណួរដែលមនុស្សភាគច្រើនតែងតែសួរ ពីព្រោះបញ្ហាស្បែកជើងឃ្លុបស្អុយតែងតែកើតឡើងជាញឹកញាប់ មិនថាស្បែកជើងនារី ឬបុរស បើទោះជាពួកគេបានពាក់ស្រោមជើងក្តី ។ វានឹងធ្វើឱ្យរំខានដល់ច្រមុះមនុស្សនៅក្បែរខ្លួន ពេលដោះស្បែកជើងចេញ ។.png)
តើស្បែកជើងឃ្លុបស្អុយបណ្តាលមកពីអ្វី និងមានវិធីណាខ្លះដើម្បីបំបាត់ក្លិនឱ្យអស់? ជើងរបស់យើងមានក្រពេញញើសច្រើនជាងផ្នែកផ្សេងៗរបស់រាងកាយ ហើយបើទោះជាក្រពេញញើសគ្មានក្លិន ប៉ុន្តែដោយសារស្បែកជើងឃ្លុបគ្មានខ្យល់ចេញ-ចូល ទើបធ្វើឱ្យបាក់តេរីកើនឡើងក្នុងនោះ ។ បាក់តេរីនឹងបង្កើតជាកាកសំណល់អាស៊ីតសរីរាង្គ ដែលធ្វើឱ្យស្បែកជើងស្អុយ ។
អ្នកខ្លះបានសម្អាតបាតជើងមុនពេលពាក់ស្បែកជើង ប៉ុន្តែស្បែកជើងនៅតែមានបាក់តេរី និងធុំក្លិនដដែល ។ ហេតុនេះ ការកម្ចាត់ក្លិនអស់បាន លុះត្រាតែលាងសម្អាតស្បែកជើង និងថែទាំតាមវិធីដូចខាងក្រោម ៖
១-បាញ់ទឹកខ្មេះ ៖ ចូរផ្សំទឹកខ្មេះជាមួយទឹកស្អាតក្នុងបរិមាណស្មើគ្នា និងយកទឹកនេះដាក់ក្នុងដបមានគម្របបាញ់ ។ បន្ទាប់មក លាងស្បែកជើងឱ្យស្អាតទាំងផ្នែកខាងក្នុង និងខាងក្រៅ និងយកទឹកផ្សំនេះមកបាញ់ក្នុងស្បែកជើង ហាលថ្ងៃឱ្យស្ងួត ដើម្បីបំបាត់ក្លិនក្រោយពេលប្រើប្រាស់ ។
២-ហាលថ្ងៃ ៖ ការហាលថ្ងៃស្បែកជើង គឺជាវិធីងាយស្រួលនិងទទួលបានផល ពីព្រោះកំដៅថ្ងៃនឹងជួយកម្ចាត់សំណើមពីស្បែកជើង ហើយកាំរស្មីអ៊ុលត្រាវីយូឡេតនឹងសម្លាប់មេរោគ ។ ចូរហាលថ្ងៃស្បែកជើង ចាប់ពី២ម៉ោង ទៅ៣ម៉ោងក្រោយពាក់ ដើម្បីឱ្យវាស្ងួតល្អ គ្មានក្លិនស្អុយ ប៉ុន្តែយកល្អ គួរបោកស្បែកជើងមុនហាលថ្ងៃ ។
៣-រក្សាអនាម័យជើង ៖ ការរក្សាអនាម័យជើងដោយលាងសម្អាតជាមួយសាប៊ូ គឺជាការជួយបំបាត់ក្លិនស្អុយក្នុងស្បែកជើងឃ្លុប ។ ក្រៅពីនេះ គួរផ្លាស់ប្តូរស្រោមជើងផងដែរ ពីព្រោះការពាក់ស្រោមជើងដដែលៗ វានឹងប្រមូលផ្តុំបាក់តេរី ។

៤-សំបកក្រូច ឬសំបកក្រូចឆ្មារ ៖ អាចបំបាត់ក្លិន និងធ្វើឱ្យស្បែកជើងឃ្លុបមានក្លិនក្រអូប ដោយយកវាមកដាក់ក្នុងស្បែកជើងចំនួន១យប់ ឬចាប់ពី៦ម៉ោង ទៅ៨ម៉ោង ដើម្បីស្រូបក្លិន ។ បើស្បែកជើងឃ្លុបត្រូវទឹក ត្រូវជូតវាឱ្យស្ងួតមុនពេលពាក់ ព្រោះការពាក់ស្បែកជើងសើម គឺកាន់តែធ្វើឱ្យបាក់តេរីកើនឡើងយ៉ាងឆាប់រហ័ស ៕










