ក្រោយអាយុ៣០ឆ្នាំ ស្បែកចាប់ផ្តើមមានសញ្ញានៃភាពចាស់ ធ្វើឱ្យស្ត្រីព្រួយបារម្ភយ៉ាងខ្លាំងអំពីរូបសម្រស់។ ស្នាមជ្រីវជ្រូញគឺជាដំណើរបែបធម្មជាតិមួយដែលកើតមានឡើងដោយសារតែស្រទាប់កូឡាជែន(collagen) និង អេឡាស្ទីន(elastin) ក្នុងជាលិកាភ្ជាប់នៃស្បែកប្រែក្លាយជាទន់ខ្សោយ និងលែងដំណើរការ ព្រោះតែមានការផ្លាស់ប្តូរក្នុង fibro blasts ដែលផលិត collagen និង elastin ។
មូលហេតុដែលបង្កជាស្នាមជ្រួញនៅលើផ្ទៃមុខមានដូចជា ការទទួលរងកម្តៅព្រះអាទិត្យច្រើនពេក បរិយាកាសមិនល្អ ការប្រើប្រាស់ឱសថមួយចំនួន ភាពតប់ប្រមល់នៃការស្រកទម្ងន់ភ្លាម និងការបាត់បង់វីតាមីន E ជាដើម។ បញ្ហានេះបានក្លាយជាកង្វល់របស់មនុស្សប្រុសស្រីនិងជាពិសេសមិត្តនារីដែលស្រលាញ់ភាពស្រស់ស្អាត គឺប្រាកដជាមិនចង់ឱ្យផ្ទៃមុខរបស់ខ្លួនមាននូវស្នាមជ្រួញទាំងអស់នោះទេ។
ប្រសិនបើអ្នកកំពុងមានកង្វល់ចំពោះបញ្ហានេះ អត្ថបទរបស់ KBN News មួយនេះនឹងជាដំណោះស្រាយដ៏មានគុណប្រយោជន៍របស់អ្នក ហើយវិធីសាស្ត្រដ៏សាមញ្ញ និងងាយស្រួលបំផុតដើម្បីម្ចាត់ស្នាមជ្រួញលើផ្ទៃមុខយ៉ាងមានប្រសិទ្ធភាពនោះគឺ៖

វិធីសាស្រ្តម៉ាស្សាមុខជាមួយដុំទឹកកក៖ ជំនួសឱ្យការប្រើគ្រឿងសម្អាងថ្លៃៗ ស្ត្រីគ្រាន់តែត្រូវការដុំទឹកកកពីរបីដុំ និងម៉ាស្សាមុខជារៀងរាល់ថ្ងៃ ដើម្បីបំបាត់ស្នាមជ្រួញយ៉ាងមានប្រសិទ្ធភាព។
វិធីធ្វើ៖ យកទឹកកកមួយដុំមកម៉ាស្សាថ្នមៗ កន្លែងដែលមានស្នាមជ្រីវជ្រួញ ដោយវិធីសាស្រ្តនេះជួយធ្វើឱ្យឈាមរត់បានប្រសើរឡើង ជួយធ្វើឱ្យស្បែកស្រស់ថ្លា និងការពារស្នាមជ្រួញថ្ងាសយ៉ាងមានប្រសិទ្ធភាព។ វិធីសាស្រ្តនេះក៏ជួយបង្កើនចរាចរឈាម លើកកម្ពស់ការស្តាររចនាសម្ព័ន្ធស្បែក ដោយហេតុនេះជួយលុបបំបាត់ស្នាមជ្រួញ។ ជាពិសេស ដោយសារឥទ្ធិពលនៃការបង្រួមរន្ធញើសរបស់វា ទឹកកកក៏ផ្តល់ឱ្យអ្នកនូវស្បែកទន់រលោងផងដែរ៕