ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អាជ្ញាធរទីក្រុងបាងកក បានជូនដំណឹងឱ្យពលរដ្ឋពាក់ម៉ាស់ការពារធូលីកខ្វក់ ដោយសារទីក្រុងបាងកក មានកម្រិតធូលីកខ្វក់លើបរិយាកាសលើសស្តង់ដារ និងចាប់ផ្តើមប៉ះពាល់ដល់សុខភាពពលរដ្ឋ ។ រីឯភ្ញៀវទេសចរបរទេស ដែលមានគម្រោងធ្វើដំណើរទៅទីក្រុងនេះ គួរតែត្រួតពិនិត្យគុណភាពអាកាសធាតុជាមុន ។

ប្រទេសថៃបានចូលដល់រដូវរងា និងមានសីតុណ្ហភាពធ្លាក់ចុះក្នុងតំបន់ជាច្រើន ប៉ុន្តែពលរដ្ឋរស់នៅទីក្រុងបាងកក បានប្រឈមនឹងធូលីកខ្វក់ក្នុងរដូវរងា ។ មជ្ឈមណ្ឌលគ្រប់គ្រងគុណភាពអាកាសធាតុទីក្រុងបាងកក រាយការណ៍ថា កម្រិតធូលីកខ្វក់កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងមក គឺលើសស្តង់ដារ ហើយតំបន់រងផលប៉ះពាល់ដោយសារធូលីកខ្វក់ខ្លាំងជាងគេ រួមមាន ៖ តំបន់ណងខេម, ធុនបុរី និងឃ្លងសាមវ៉ា ។

ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ទីក្រុងបាងកក នឹងមានអាកាសធាតុមិនល្អ និងកម្រិតធូលីកខ្វក់កើនឡើង ។ ធូលីតូចៗអាចជ្រាបចូលក្នុងប្រព័ន្ធផ្លូវដង្ហើមដោយផ្ទាល់ ហើយធ្វើឱ្យប៉ះពាល់សុខភាពពលរដ្ឋរយៈពេលវែង ដូចជា ៖ ជំងឺសួត និងបេះដូង ។ ហេតុនេះ មជ្ឈមណ្ឌលគ្រប់គ្រងគុណភាពអាកាសធាតុ សូមណែនាំទៅពលរដ្ឋនៅទីក្រុងបាងកក ពាក់ម៉ាស់ការពារពេលចេញពីលំនៅឋាន ចៀសវាងធ្វើអ្វីមួយក្រោមកំដៅថ្ងៃ និងតាមដានអាកាសធាតុយ៉ាងដិតដល់ ។
ចំណែកភ្ញៀវទេសចរបរទេស ដែលមានគម្រោងធ្វើដំណើរមកទីក្រុងបាងកកក្នុងអំឡុងពេលនេះ គួរតែត្រួតពិនិត្យគុណភាពអាកាសធាតុជាមុន និងត្រៀមម៉ាសសម្រាប់ប្រើប្រាស់ បើចាំបាច់ត្រូវធ្វើដំណើរនៅកណ្តាលថ្ងៃ ។ ក្រៅពីនេះ ត្រូវចៀសវាងទៅតំបន់មានធូលីកខ្វក់ខ្លាំង ព្រោះតែកម្រិតធូលីបានកើនឡើងជាបន្តបន្ទាប់ ដើម្បីឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរមានសុវត្ថិភាព ។

ដោយឡែក ភ្នាក់ងារបរិស្ថានបានទំនាក់ទំនងទៅស្ថាប័នពាក់ព័ន្ធឱ្យបង្កើនវិធានការរឹតបន្តឹងស្របតាមផែនការដោះស្រាយបញ្ហាធូលី ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពពលរដ្ឋ និងសូមឱ្យពលរដ្ឋចូលរួមចំណែកការពារបរិស្ថាន ដូចខាងក្រោម ៖
-ជូតសម្អាតធូលីតាមលំនៅឋានឱ្យបានស្អាតកុំឱ្យវាប៉ះពាល់សុខភាព
-ឈប់ដុតសំរាម
-ដាំដើមឈើជួយស្រូបជាតិពុល និងកំទេចធូលី
-ធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ
-ពន្លត់ម៉ាស៊ីនយានជំនិះពេលចត និងពិនិត្យយានជំនិះកុំឱ្យមានផ្សែងខ្មៅលើសស្តង់ដារ ៕










