ទស្សនាវដ្តី VOGUE Thailand បានចេញផ្សាយអំពីម៉ូតសំលៀកបំពាក់សម្រាប់ខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ម៉ូតរដូវកាលថ្មីគឺផ្តិតរូបភាពនៅតំបន់ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ប្រទេសកម្ពុជាឃើញហើយត្រជាក់ភ្នែកតែម្តង។
ចេញផ្សាយនៅថ្ងៃទី២៣ ធ្នូ VOGUE Thailand បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរមានការចាប់អារម្មណ៍ជាមួយនឹងការផ្សព្វផ្សាយប្រាសាទខ្មែរផ្សាភ្ជាប់ជាមួយនឹងវិស័យម៉ូតសម័យថ្មីដែលជាផ្នែកមួយជួយជំរុញវិស័យទេសចរណ៍ក្នុងស្រុកយើងកាន់តែទូលំទូលាយថែមមួយកម្រិតទៀត។ នៅក្នុងការចេញផ្សាយរបស់ខ្លួន VOGUE Thailand បានពិពណ៌នាថា«ការបង្ហាញរូបម៉ូតសម្លៀកបំពាក់តាមតំបន់បុរាណ «អង្គរវត្ត» ពីប្រទេសកម្ពុជាក្នុងទស្សនាវដ្តី Vogue Thailand ចេញផ្សាយខែធ្នូ ឆ្នាំ២០២៤»។
រូបភាពដែលទស្សនាវដ្តីនេះបានផ្តិតយកបង្ហាញពីទេសភាពប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន នៅក្នុងទីវត្តអារាម ទេសភាពនៅរីសត ចម្លាក់អប្សរា ទិដ្ឋភាពការលក់ដូរនៅផ្សារចាស់ខេត្តសៀមរាប ក្មេងលក់វត្ថុអនុស្សាវរីយ៍ ផ្ទះបុរាណ ជាដើម។ ឃើញការផ្សព្វផ្សាយបែបនេះអ្នកលេងបណ្តាញសង្គមក៏បានចូលទៅបង្ហាញការស្រលាញ់និងបានសរសើរពីទឹកដៃនៃការផ្តិតរូបភាពផងដែរ។
គួរបញ្ជាក់ផងដែរថា ទស្សនាវដ្តី VOGUE Thailand គឺជាទស្សនាវដ្តីផ្សព្វផ្សាយម៉ូតអន្តរជាតិល្បីៗជាច្រើនហើយក្នុងនោះមាន Lisa , Yaya , Kimberley , Mai davikah, Mark Prin រួមទាំងតារាល្បីៗជាច្រើនទៀតសុទ្ធតែបានថតឱ្យទស្សនាវដ្តីនេះ៕










