ថ្មីៗនេះ នៅលើបណ្តាញសង្គមមានការចែករំលែកច្រើនមែនទែនទាក់ទងនឹងសួនផ្កាមួយកន្លែងស្ថិតក្នុងខេត្តបាត់ដំបង ដែលកំពុងរីកបង្អួតសម្រស់នារដូវរំហើយនេះ រងចាំភ្ញៀវទេសចរគ្រប់ៗរូបទៅទស្សនាកម្សាន្ត។

សួនផ្កា La A Seven Flower Garden មានទីតំាងស្ថិតនៅម្តុំពោធិវង្ស ក្នុងភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នៅទីនោះ គឺប្រមូលផ្តុំទៅដោយផ្កាជាច្រើនប្រភេទ ជាពិសេសនោះគឺផ្កាតំណក់ទឹកភ្លៀងពណ៌សរ យ៉ាងស្រស់ស្អាត បាននឹងកំពុងរីកស្គុះស្គាយពេញទាំងសួនតែម្តង ហាក់អង្រួនបេះដូងញាតិមិត្តទាំងក្មេងចាស់ ប្រុសស្រី។
សម្រាប់តម្លៃចូលទស្សនាសួនផ្កាខាងលើនោះវិញ គឺត្រឹមតែ ៥០០០រៀលប៉ុណ្ណោះក្នុងមួយនាក់ ដែលអ្នកទាំងអស់គ្នាអាចចូលលេងកម្សាន្តបានដោយសេរី ជាពិសេសនោះគឺមានប្លង់ស្អាតៗជាច្រើន សម្រាប់អ្នកនិយមថតលេងរូប និងគយគន់ទេសភាពស្អាតៗបំបាត់ក្តីកង្វល់។ 
សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីបុរាណមួយនៃប្រទេសកម្ពុជា ដែលប្រមូលផ្តុំទៅដោយប្រាសាទបុរាណ ទីតាំងប្រវត្តិសាស្រ្តជាច្រើនកន្លែង។ នៅទីនោះក៏រួមមានទាំងរមនីយដ្ឋានធម្មជាតិ រមនីយដ្ឋានកែច្នៃ និងកន្លែងស្អាតៗប្លែកៗយ៉ាងច្រើនអនេក សម្រាប់បម្រើដល់វិស័យទេសចរណ៍ផងដែរ៕










