បុណ្យណូអែល ដែលភាសាអង់គ្លេសហៅថា Christmas គឺជាពិធីបុណ្យដ៏សំខាន់បំផុតមួយរបស់អ្នកកាន់សាសនាគ្រិស្ត ដើម្បីរម្លឹកដល់ថ្ងៃដែលព្រះយេស៊ូទ្រង់ប្រសូត។ ជារៀងរាល់ឆ្នាំ បុណ្យ Christmas តែងប្រារព្ធឡើងនាថ្ងៃទី ២៥ ខែធ្នូ។
បុណ្យណូអែលនេះ ត្រូវបានដឹងថា បានប្រារព្ធឡើងដំបូងនៅឆ្នាំ ៣៣៦ នៃគ្រិសករាជមកម្លេះ ដោយកំណត់យកថ្ងៃទី ២៥ ខែធ្នូ ជាបុណ្យកំណើតព្រះយេស៊ូ បើទោះបីគេមិនច្បាស់ថា ទ្រង់ប្រសូតនៅថ្ងៃណាឲ្យប្រាកដក្តី។ បុណ្យនេះត្រូវបានប្រារព្ធឡើងយ៉ាងទូលំទូលាយនៅខាងប៉ែកអឺរ៉ុប ដូចជានៅសហរដ្ឋអាមេរិក អង់គ្លេស និងបារំាងជាដើម ដែលប្រជាពលរដ្ឋភាគច្រើនសុទ្ធសឹងតែកាន់សាសនាគ្រិស្ត។
នាថ្ងៃពិធី មនុស្សម្នារំពឹងថានឹងទទួលបានអំណោយពីតាសាន់តាក្លស ក៏ដូចជាធ្វើការបួងសួងដើម្បីទទួលបានសម្រេចដូចសេចក្តីប្រាថ្នា។ ម៉្យាងវិញទៀត ពួកគេក៏មានការជួបជុំគ្នា ញ៉ាំអាហារ ច្រៀងចម្រៀងបទ Christmas មានទាំងការជូនពរ និងជូនកាដូគ្នាទៅវិញមក ប្រកបដោយស្នាមញញឹមនិងភាពសប្បាយរីករាយបំផុត។
យ៉ាងណា នាពេលបច្ចុប្បន្ននេះ បុណ្យ Christmas បាននឹងកំពុងរីកសាយភាយជុំវិញពិភពលោក ដែលមិនត្រឹមមានតែអ្នកកាន់សាសនាគ្រិស្តប៉ុណ្ណោះទេដែលប្រារព្ធពិធីបុណ្យនេះ, គេក៏ប្រទះឃើញប្រទេសដែលកាន់លទ្ធិសាសនាផ្សេងៗក៏ចូលរួមប្រារព្ធផងដែរ។ នេះដោយសារតែពួកគេយល់ឃើញថា ថ្ងៃណូអែលគឺជាថ្ងៃនៃក្តីស្រលាញ់ ជាពេលវេលាដ៏ល្អក្នុងការជួបជុំ បង្កើនភាពស្និតស្នាលជាមួយនឹងមនុស្សជាទីស្រលាញ់ជាដើម។
ជាក់ស្តែង ក្នុងប្រទេសកម្ពុជាយើង ក៏មានការប្រារព្ធនូវពិធីបុណ្យ Christmas នេះតាមទីតំាងនានា ដោយមានការរៀបចំតុបតែងលម្អភ្លើងចម្រុះពណ៌ ដើម Christmas និងវត្ថុក្រហមៗយ៉ាងស្រស់ស្អាត។ បើក្រឡេកទៅកាន់ខេត្តសៀមរាប ម៉ូតូកង់បី Christmas ព្រមជាមួយនឹងតាសាន់តាក្លស និងការរៀបចំតុបតែងលម្អផ្សេងៗ ក៏កំពុងតែបង្ហាញភាពទាក់ទាញទៅកាន់ភ្ញៀវទេសចរបរទេសផងដែរ៕










