ភេសជ្ជៈខូឡាជែនមិនត្រឹមតែប៉ូវកម្លាំងប៉ុណ្ណោះទេ តែវាក៏ជួយឱ្យស្បែកមានសុខភាពល្អ ស្រស់ស្អាត ភ្លឺថ្លា មិនងាយធាត់ និងក្មេងជាងវ័យផងដែរ។ ប្រសិនបើមិត្តនារីៗផឹកភេសជ្ជៈទាំងនេះឱ្យបានទៀងទាត់ និងជារៀងរាល់ថ្ងៃនោះលោកអ្នកប្រាកដជាឃើញលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលជាក់ជាមិនខាន។ ដូច្នេះខាងក្រោមនេះគឺជាវិធីសាស្ត្រធ្វើភេសជ្ជៈខូឡាជែនងាយៗដោយខ្លួនឯង៖
១.ផ្លែប៉ោម ចេក និងស្ពៃក្តោប៖ របៀបធ្វើ យកស្ពៃក្តោបមកលាងឱ្យស្អាត រួចហែកវាជាបំណែកតូចៗ ដាក់ក្នុងម៉ាស៊ីនក្រឡុក បន្ទាប់មកលាងផ្លែប៉ោមឱ្យស្អាត កាត់ស្នូលចេញ ហើយកាត់ជាដុំៗ ដាក់ចូលម៉ាស៊ីនជាមួយនិងចេក ចាក់ទឹកស្អាត១ ឬ២កែវ ហើយក្រឡុកឱ្យសព្វជាការស្រេច។ រូបមន្តនេះសម្បូរទៅដោយសារធាតុ Collagen និង gelatin ដែលជួយធ្វើឱ្យស្បែកតឹងណែន និងកាត់បន្ថយភាពជ្រីវជ្រួញ។ ការផឹកទឹកក្រឡុកនេះជាប្រចាំ មិនត្រឹមតែជួយឱ្យស្បែករបស់អ្នកស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយសម្អាតពោះវៀនផងដែរ។

២.ផ្លែប៉ោម ការ៉ុត និងក្រូចស្រស់៖ របៀបធ្វើ លាងផ្លែប៉ោមឱ្យស្អាត កាត់ស្នូលចេញ ហើយកាត់ជាដុំៗ រួចដាក់ចូលម៉ាស៊ីនជាមួយការ៉ុត និងទឹកក្រូចស្រស់ ហើយដាក់ទឹកធម្មតាចូលបន្តិច រួចក្រឡុកឱ្យសព្វជាការស្រេច។ រូបមន្តនេះនឹងជំរុញដល់ការផលិតខូឡាជែន ជួយប្រឆាំងរ៉ាឌីកាល់សេរី កាត់បន្ថយស្នាមជ្រួញ និងធ្វើឱ្យស្បែកភ្លឺថ្លា។
៣.ចេក ស្ត្របឺរី និងក្រូចឆ្មារ៖ របៀបធ្វើ ចេក១ ផ្លែ, ស្ត្របឺរី ៥ ផ្លែ និងទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ ដាក់ចូលគ្នានៅក្នុងម៉ាស៊ីនរួចក្រឡុកឱ្យសព្វជាការស្រេច។ រូបមន្តនេះជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ មានរសជាតិឆ្ងាញ់ ជួយការពារកោសិកាស្បែក និងជំរុញការផលិតខូឡាជែន ដែលនារីៗគួរផឹកទឹកក្រឡុកនេះជារៀងរាល់ព្រឹក ដើម្បីជួយឱ្យស្បែកស្រស់ថ្លា និងមានសុខភាពល្អ៕