នៅឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង មានទំហំទុនវិនិយោគ៦៩០០លានដុល្លារ។
បើតាមកលទ្ធផលកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា៖”ធៀបនឹងឆ្នាំ២០២៣ នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង កើនឡើងចំនួន១៤៦គម្រោង ឬ៥៤ភាគរយ មានទំហំទុនវិនិយោគ៦៩០០លានដុល្លារ កើនឡើង១៩៧៣លានដុល្លារ ឬ៤០ភាគរយ ដែលអាចបង្កើតការងារសរុបប្រមាណ៣៣ម៉ឺនកន្លែង ក្នុងនោះ គម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូតដល់៦៩ភាគរយ ។
ដោយឡែក ចំពោះការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានទំនុកចិត្តពីសហគមន៍អន្តរជាតិលើភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២៤ ប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ដែរ កម្ពុជាទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ២១០០លានដុល្លារ ក្នុងនោះ ៤០ភាគរយ ជាហិរញ្ញប្បទានឥតសំណង និង៦០ភាគរយ ជាឥណទានសម្បទាន។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាស្ថាប័នប្រតិបត្តិដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ បំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស៕










