ក្នុងចំណោមមិត្តភ័ក្ដិ ឬគ្រួសាររបស់យើង តែងតែមានមនុស្សម្នាក់ដែលយើងឃើញញ៉ាំចំណីចំណុកមិនឈប់ ហើយញ៉ាំច្រើនទៀត ប៉ុន្តែមិនឃើញឡើងគីឡូ បែកសាច់បែកឈាមដូចគេសោះ។ អ្នកខ្លះគិតថាខ្លួនឯងសំណាងដែលញ៉ាំច្រើនប៉ុណ្ណាក៏មិនធាត់ ទោះជាយ៉ាងណាសូមបញ្ឈប់ការគិតទាំងនេះចេញភា្លម លោកអ្នកមិនមែនជាមនុស្សសំណាងអ្វីនោះទេ អ្នកដែលញ៉ាំច្រើនមិនធាត់ភាគច្រើនជាមនុស្សខ្វះអាហារូបត្ថម្ភ និងញ៉ាំអាហារគ្មានសារធាតុចិញ្ចឹម។
កាលណាដែលយើងញ៉ាំតែចំណីខ្វះជាតិសាច់ ខ្វះកាឡូរី នោះរាងកាយមិនអាចធំធាត់បានឡើយ ម្យ៉ាងទៀតអ្នកក៏អាចមានជំងឺមួយចំនួនផងដែរដូចជា៖ ជំងឺទឹកនោមផ្អែមកប្រភេទ១ ឬ២, មានបញ្ហាក្រពេញទីរ៉ូអ៊ីត, បញ្ហាថ្លើម, ជំងឺតម្រងនោម, ជំងឺមហារីក, បញ្ហាព្រូន អៀន តេនញ៉ា និងបញ្ហាជំងឺគ្រាប់ឈាមជាដើម ដែលជំងឺទាំងនេះហើយទំនងធ្វើឱ្យលោកអ្នកញ៉ាំច្រើនមិនងាយធាត់។
ហេតុផលមួយទៀតគឺដោយសាររាងកាយរបស់ពួកគេរំលាយអាហារបានលឿនជាងមនុស្សទូទៅ។ ប៉ុន្តែការរំលាយអាហារលឿនមិនមែនជាហេតុផលតែមួយគត់នៅពីក្រោយបញ្ហានេះទេ កត្តាជាច្រើនទៀតដូចជា ហ្សែន អាហារូបត្ថម្ភ និងកត្តាអាកប្បកិរិយា ក៏រួមចំណែកជួយឱ្យយើងស្គម និងរក្សាទម្ងន់ខ្លួនបានដែរ។ លើសពីនេះមនុស្សដែលញ៉ាំច្រើនប៉ុន្តែមិនធាត់ អាចជាកម្រិតនៃសកម្មភាពរាងកាយរបស់ពួកគេក្នុងមួយថ្ងៃ។
នេះមិនមែនមានន័យថា ទាល់តែចំណាយពេលរាប់ម៉ោងក្នុងកន្លែងហាត់ប្រាណទើបរាប់ជាសកម្មភាពរាងកាយទេ សូម្បីតែការដើរច្រើន ធ្វើការច្រើនបែកញើស ក៏ជាសកម្មភាពមួយជួយរក្សាទម្ងន់បានដូចគ្នា។ ហេតុនេះសម្រាប់មនុស្សដែលចង់រក្សារាងឱ្យថេរមិនធាត់ពេក មិនស្គមពេក និងមានសុខភាពល្អ លោកអ្នកគួរបរិភោគបន្លែបៃតងឱ្យបានច្រើន ញ៉ាំផ្លែឈើដែលមានជាតិស្ករទាប ក៏ដូចជាគ្រាប់ធញ្ញជាតិ ត្រី ស៊ុត អង្ករសម្រូប និងផឹកទឹកឱ្យបានទៀងទាត់៕
