ប្រទេសសិង្ហបុរី ៖ ការប្រើប្រាស់បច្ចេកវិទ្យា AI បានរីកចម្រើនក្នុងផ្នែកឧស្សាហកម្មលើពិភពលោក ប៉ុន្តែសម្រាប់បុគ្គលិកវិញនៅតែមានភាពច្របូកច្របល់ថា តើបច្ចេកវិទ្យានេះស័ក្តិសមសម្រាប់ការងារដែរឬទេ? ជាពិសេស បុគ្គលិកនៅប្រទេសសិង្ហបុរីបានយកបច្ចេកវិទ្យា AI មកប្រើប្រាស់ក្នុងការងារយ៉ាងច្រើន ប៉ុន្តែពួកគេពុំហ៊ានបើកចំហជាសាធារណៈ ពីព្រោះខ្លាចគេវាយតម្លៃថា ខ្វះសមត្ថភាព ឬជាមនុស្សខ្ជិល ។

លទ្ធផលការស្ទង់មតិបុគ្គលិកក្រុមហ៊ុន ជាង១៧,០០០នាក់ នៅប្រទេសចំនួន១៥ កាលពីខែសីហា ឆ្នាំ២០២៤ រួមទាំងបុគ្គលិកសិង្ហបុរី ១,០០៨នាក់ របស់ក្រុមហ៊ុន Slack Workforce Index បង្ហាញថា បុគ្គលិកសិង្ហបុរី ស្មើ៥២% បានប្រើប្រាស់ AI ក្នុងការងាររបស់ខ្លួន ហើយតម្រូវការបុគ្គលិកផ្នែក AI នៅសិង្ហបុរី ក៏បានកើនឡើងដែរ ។ ប៉ុន្តែបុគ្គលិក៤៥% បែរជាមានអារម្មណ៍មិនសប្បាយចិត្ត ពេលប្រាប់អ្នកគ្រប់គ្រងថា ប្រើប្រាស់ AI ក្នុងការងារ និងខ្លាចត្រូវវាយតម្លៃថា គ្មានសមត្ថភាព ឬខ្ជិលច្រអូស ។
Christina Janzer ជាអនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគនៅក្រុមហ៊ុន Slack Workforce Index និយាយថា បុគ្គលិកភាគច្រើនចេះប្រើ AI ប៉ុន្តែពួកគេមិនប្រាកដចិត្តថា នឹងប្រើវាក្នុងការងារដូចម្តេច? ភាពច្របូកច្របល់នេះបានក្លាយជាឧបសគ្គក្នុងការប្រើ AI យ៉ាងទូលំទូលាយនៅកន្លែងការងារ ។ ហេតុនេះ អ្នកគ្រប់គ្រងមិនត្រឹមតែអប់រំបុគ្គលិកឱ្យចេះប្រើ AI ប៉ុណ្ណោះទេ ប៉ុន្តែត្រូវគាំទ្រពួកគេសាកល្បងប្រើ AI យ៉ាងបើកចំហ ។ ក្រុមហ៊ុនផ្សេងៗគួរបែងចែកពេលវេលាប្រើប្រាស់ AI ក្នុងការងារ និងគាំទ្របុគ្គលិកបែងចែកចំណេះដឹងជាមួយមិត្តរួមការងារ ។

ក្រៅពីនេះ នាយកក្រុមហ៊ុនគួរណែនាំពីបច្ចេកវិទ្យា AI និងកំណត់យ៉ាងច្បាស់លាស់ទៅកាន់បុគ្គលិកថា តើបច្ចេកវិទ្យានេះអាចប្រើក្នុងការងារណាខ្លះ និងការងារណាខ្លះពុំអនុញ្ញាតឱ្យប្រើ AI ។ បើក្រុមហ៊ុនពុំកំណត់ច្បាស់លាស់ទេ បុគ្គលិកនឹងឆ្ងល់ថា តើពេលណាទើបក្រុមហ៊ុនទទួលស្គាល់ការប្រើ AI នៅកន្លែងការងារ ។
រីឯការស្ទង់មតិរបស់ Hiring Lab ក៏បានបង្ហាញលទ្ធផលស្រដៀងគ្នាថា តម្រូវការបុគ្គលិកផ្នែក AI នៅសិង្ហបុរី បានកើនឡើងខ្ពស់ ។ តួនាទីការងារពាក់ព័ន្ធនឹង AI បានកើនឡើងដល់ជាង៤ដង បើប្រៀបធៀបរវាងខែកញ្ញា ឆ្នាំ២០២៣ ជាមួយខែកញ្ញា ឆ្នាំ២០២៤ ។ ទោះជាតម្រូវការបុគ្គលិក AI នៅសិង្ហបុរីកើនឡើង ប៉ុន្តែបុគ្គលិក៤៥% មិនសប្បាយចិត្តពេលនិយាយថា ខ្លួនប្រើ AI ព្រោះខ្លាចថា មិនចេះធ្វើការ ។.png)
បច្ចុប្បន្ន បុគ្គលិកសិង្ហបុរី៨៨% បានព្យាយាមអភិវឌ្ឍន៍ជំនាញផ្នែក AI ខណៈបុគ្គលិក៦៣% ទៀតប្រាប់ថា រៀនប្រើប្រាស់ AI មិនដល់៥ម៉ោងទេ ពួកគេក៏ចេះប្រើវា ៕










