អ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពី Influencer ជា ស្រីនា បានបង្ហាញឧបករណ៍តេសមានគំនូសពីរឆ្នូតដោយទស្សនិកជនស្មានថារូបនាងមានផ្ទៃពោះ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលមិនមែនជា ជា ស្រីនា នោះទេដែលពរពោះប៉ុន្តែជាម្តាយរបស់នាងកំពុងពរពោះកូនទី៤ ខណៈ ស្រីនា ថាពេលនាងមានកូន កូននាងនឹងលេងជាមួយនឹងកូនម្តាយរបស់ខ្លួន។
អ្នកក្នុងចង្កោមសិល្បៈ រួមទាំងទស្សនិកជនជាអ្នកគាំទ្រគ្រួសាររបស់ ហេង វិសាល ជា ស្រីនា ម៉ាក់នី មានការរំភើបចិត្តជាខ្លាំងនិងមិននឹកស្មានដល់ដែលក្រុមគ្រួសារដ៏គំរូនៅក្នុងសង្គមនេះនឹងមានសមាជិកថ្មីម្នាក់ទៀត។ ជា ស្រីនា បានបង្ហាញឧបករណ៍តេសដែលមានគំនូសពីរឆ្នូតនិងបានលើកឡើងថាជាកាដូឆ្នាំថ្មី។
អ្វីៗត្រូវបានលាតត្រដាងតាមរយៈវីដេអូខ្លីមួយដែលសមាជិកគ្រួសារទាំង៦នាក់បានបង្ហាញប្រអប់កាដូមួយដោយក្នុងនោះមានឧបករណ៍តេសនិងក្រដាសមួយសន្លឹកដោយឪពុក ស្រីនា គឺជាអ្នកបើកហើយថែមទាំងប៉ាន់ស្មានថាគឺជារថយន្តថ្មី។ នៅពេលប្រអប់កាដូត្រូវបានបើកគឺបានឃើញឧបករណ៍តេស រួមទាំងក្រដាសពិនិត្យគ៌រផងដែលធ្វើឱ្យសមាជិកក្នុងគ្រួសារមានការរំភើបចិត្តជាខ្លាំង។
ម្តាយ ជា ស្រីនា ដែលកំពុងមានទម្ងន់នេះគឺជាកូនទី៤នៅក្នុងគ្រួសារហើយ ស្រីនា បាននិយាយក្នុង វីដេអូថានាងទទួលបានប្អូនស្រីម្នាក់ទៀត ខណៈបាននិយាយដោយរំភើបថាពេលនាងមានកូន កូនរបស់នាងនឹងលេងជាមួយនឹងកូនម្តាយនាង។ ងាកទៅកាន់ស្រីនាថ ដែលជាកូនទី២វិញ នៅពេលទទួលបានកាដូឆ្នាំថ្មីមានប្អូនម្នាក់ទៀតគឺនាងរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក។
ដំណឹងល្អនេះបានធ្វើឱ្យអ្នកសិល្បៈនិងអ្នកគាំទ្របានចូលរួមអបអរសាទរទៅកាន់ក្រុមគ្រួសារល្បីឈ្មោះនៅក្នុងសង្គមនេះផងដែរ។ គួរកត់សម្គាល់ថា ក្រុមគ្រួសារ ជា ស្រីនា ត្រូវបានទស្សនិកជនថាគឺជាគ្រួសារគំរូមួយនៅក្នុងសង្គមបង្ហាញអ្វីដែលជាគំរូល្អ ជួយសង្គម គោរពប្រតិបត្តិធម៌ មានទឹកចិត្តសប្បុរសគួរឱ្យគោរពជាគំរូដ៏ល្អសម្រាប់គ្រួសារដទៃទៀត៕