សហរដ្ឋអាមេរិក៖ ផ្អែមល្ហែមណាស់បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ៥ ឆ្នាំមហាសេដ្ឋី Jeff Bezos និងគូស្នេហ៍គ្រោងចូលរោងការជាមួយគ្នានៅចុងឆ្នាំនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស New York Post បានឱ្យដឹងថា មហាសេដ្ឋី Jeff Bezos ដែលជាស្ថាបនិក Amazon ទំនងនឹងចំណាយប្រាក់ដល់ទៅ ៦០០ លានដុល្លារ ដើម្បីរៀបចំពិធីមង្គលការដ៏ប្រណីតជាមួយគូស្នេហ៍របស់លោកគឺ Lauren Sanchez នៅថ្ងៃទី ២៨ ខែធ្នូខាងមុខនេះក្នុងទីក្រុង Aspen រដ្ឋ Colorado សហរដ្ឋអាមេរិក ។.png)
ពិធីមង្គលការនេះត្រូវចំណាយរហូតដល់ទៅ ៦០០ លានដុល្លារអាមេរិក ហើយនឹងអញ្ជើញតារាល្បីៗជាច្រើនមកចូលរួម ។ យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នសណ្ឋាគារលំដាប់ផ្កាយ ៥ នៅ Aspen ត្រូវបានកក់ទុក ដើម្បីរៀបចំ និងចាប់ផ្តើមទទួលភ្ញៀវអាពាហ៍ពិពាហ៍ក្រោយបុណ្យណូអែល។ លើសពីនេះមហាសេដ្ឋី Bezos ក៏ហាក់ដូចជាកក់ទុកនៅវីឡាជុំវិញទីក្រុង Aspen សម្រាប់ភ្ញៀវកិត្តិយសផងដែរ។

កាលពីមុនអ្នកស្រី Sanchez ដែលជាគូស្នេហ៍មហាសេដ្ឋី Bezos ក៏ធ្លាប់បានបង្ហាញព័ត៌មានខ្លះៗអំពីរ៉ូបអាពាហ៍ពិពាហ៍ក្នុងកម្មវិធី Today Show របស់ទូរទស្សន៍ NBC ប៉ុន្តែអ្នកទាំងពីររក្សាគម្រោងរៀបការជាឯកជន។ ទោះជាយ៉ាងណាឥឡូវនេះអ្នកទាំងពីក៏បានបង្ហាញគម្រោងរៀបការជាមួយគ្នាយ៉ាងអធិកអធមនៅចុងឆ្នាំនេះ។ គួរបញ្ជាក់ដែរថា មហាសេដ្ឋី Bezos និងគូស្នេហ៍របស់លោកបានធ្វើពិធីភ្ជាប់ពាក្យរួចហើយនៅប្រទេសអ៊ីតាលីដោយមានការចូលរួមពីបុគ្គលល្បីៗដូចជាមហាសេដ្ឋី Bill Gates តារាសម្តែង Leonardo DiCaprio និងម្ចាស់ក្សត្រី Jordan ។
មហាសេដ្ឋី Bezos អាយុ ៦០ ឆ្នាំ និងគូដណ្តឹងអាយុ ៥៤ ឆ្នាំរបស់លោកបានចាប់ផ្តើមមានទំនាក់ទំនងស្នេហាក្នុងឆ្នាំ ២០១៩ គិតមកដល់ពេលនេះគឺ ៥ ឆ្នាំហើយ។ យោងតាមទស្សនាវដ្ដី Forbes ស្ថាបនិក Amazon គឺជាមហាសេដ្ឋីទីពីរនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិច្រើនជាង ២៣៨ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីមហាសេដ្ឋី Elon Musk៕










