រយៈពេល ៥ ឆ្នាំដ៏ឆាប់ខាងមុខនេះ កម្ពុជានឹងបោះជំហានឈានទៅមុខ ដោយនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs)។ នេះបើយោងតាមការគូសបញ្ជាក់ពីគេហទំព័រហេ្វសបុករបស់អង្គការសហប្រជាជាតិ ប្រចំាប្រទេសកម្ពុជា។

យោងតាមការចុះផ្សាយរបស់ UN នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ មហាសន្និបាតនៃអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេច A/៧៩/L.៤៩ សម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs)។ ប្រទេសកម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។ នេះគឺជាការជំហានដ៏សំខាន់ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពនាពេលអនាគត។
.png)
កន្លងទៅ បើយោងតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ផងដែរ។
ទោះជាយ៉ាងណា ការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍតិចតួចនេះក៏ត្រូវតែមានការត្រៀមខ្លួន ចំពោះផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម ដូចជាការបាត់បង់ការគាំទ្ររបស់អន្តរជាតិ ដែលទាក់ទងនឹងការបាត់បង់ការអនុគ្រោះទីផ្សារ និងការកាត់បន្ថយហិរញ្ញប្បទានសម្បទានផ្សេងៗ។ ការបាត់បង់នេះអាចមានផលប៉ះពាល់ទៅដល់វិស័យមួយចំនួនដូចជា ការនាំចេញពាណិជ្ជកម្មសំខាន់ៗ (ដូចជា សម្លៀកបំពាក់ អង្ករ និងកង់ ជាដើម) និងផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជារួម។ ជាលទ្ធផល ប្រជាជនចំនួន ៤៣២.០០០ នាក់ អាចប្រឈមនឹងការធ្លាក់ក្នុងភាពក្រីក្រ ប្រសិនបើដំណោះស្រាយជាមូលដ្ឋានដ៏ត្រឹមត្រូវមិនត្រូវបានដាក់ចេញឱ្យឆាប់តាមដែលអាចធ្វើទៅបាន។
យ៉ាងណា ទន្ទឹមនឹងបញ្ហាប្រឈម “ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ក៏នាំមកនូវឱកាសដល់កម្ពុជាផងដែរ ព្រោះវាគឺជាកិច្ចខិតខំប្រឹងប្រែងរួមដែលលើសពីវិស័យពាណិជ្ជកម្ម ដែលទាមទារឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍និងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីទាញយកឱកាស និងសាងកេរ្តិ៍ឈ្មោះប្រទេសឱ្យកាន់តែកើនឡើង។ វានឹងជួយគាំទ្រដល់ការពន្លឿនការអភិវឌ្ឍមនុស្ស ការលើកកម្ពស់ការប្រកួតប្រជែងនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកកម្ពស់សេដ្ឋកិច្ចបៃតងសម្រាប់កំណើនប្រកបដោយភាពធន់ និងការផ្លាស់ប្តូរពីការទទួលជំនួយហិរញ្ញប្បទានទៅជាការកៀរគរហិរញ្ញប្បទានអភិវឌ្ឍន៍ ដែលបានចែងនៅក្នុងឯកសារកម្មវិធីប្រចាំប្រទេសរបស់យូអិនឌីភី (២០២៤-២០២៨)៕










