ថ្មីៗនេះនៅលើបណ្តាញសង្គម មហាជនជាច្រើនហាក់ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើលោកយាយ ដែលតួថ្លុកជើងចាស់ចំនួន ២ រូប ពោរពេញទៅដោយសមត្ថភាពនិងទេពកោសល្យពិសេស បើទោះបីជាវ័យរាងជ្រេក្តី ប៉ុន្តែទឹកចិត្តស្រលាញ់សិល្បៈប្រពៃណី គឺនៅតែដក់ជាប់ក្នុងដួងចិត្តរបស់ពួកគាត់ជានិច្ច។
យោងតាមការបង្ហោះរបស់គណនីមួយដែលមានឈ្មោះថា ក្រុមសិល្បៈវត្តព្រៃក្ទម្ព បង្ហាញឃ្លីបវីដេអូខ្លីមួយដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «តួរថ្លុកជើងចាស់មានវ័យ ៧០ឆ្នាំជាង(ខាត់ ណាន ៧៧ ឆ្នាំ លោកយាយ អ៊ាង ៦៤ឆ្នាំ) ខានបញ្ចេញសមត្ថភាពជាង៣០ឆ្នាំ យីកេរវត្តព្រៃក្ទម្ព។
តាមរយៈវីដេអូ លោកយាយទាំងពីរខាងលើ ប្រកបដោយភាពរស់រវើក ព្រមជាមួយនឹងទេពកោសល្យនិងសមត្ថភាពពិសេសមិនធម្មតា ក្នុងការសម្តែងសិល្បៈយីកេខ្មែរ ទាំងច្រៀងផង រាំផង និងនិយាយផង។ មហាជនថា បើទោះជាពួកគាត់មានវ័យរាងជ្រេបន្តិចក្តី ប៉ុន្តែគាត់គឺនូវមានកម្លាំងកំហែង និងមាំមួនណាស់! ពួកគាត់បានធ្វើការរាំច្រៀងយ៉ាងសប្បាយរីករាយ។ ហើយអ្វីដែលកាន់តែគោរពនិងស្ញប់ស្ញែងនោះ គឺទៅលើទឹកចិត្តស្រលាញ់ផ្នែកសិល្បៈវប្បធម៌ដ៏ខ្លាំងក្លារបស់ពួកគាត់។ ក្នុងនាមជាសិល្បៈការីជើងចាស់ ដែលនេះគឺបង្ហាញអំពីឆន្ទៈដ៏មុះមុត ក្នុងការជួយថែរក្សាសម្បត្តិវប្បធម៌អរូបីនេះ បន្តបង្ហាញជូនទៅកាន់ក្មេងៗជំនាន់ក្រោយ។
ទន្ទឹមនឹងនោះ ទស្សនិកជនដែលបានចូលរួមទស្សនា ទទួលបាននូវភាពសប្បាយរីករាយឥតឧបមាគ្រប់គ្នា ចំពោះក្រុមសម្តែង ជាពិសេសគឺទៅលើតួថ្លុកលោកយាយទាំងពីរនាក់។ បន្ទាប់ពីវីដេអូនេះ បានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ក៏ទទួលបាននូវកោតសរសើរ គាំទ្រ និងចែករំលែកព្រោងព្រាតផងដែរ៕










