ថ្មីៗនេះ អ្នកលក់អនឡាញល្បីឈ្មោះមួយរូបបានធ្វើការលើកឡើងខ្លះៗអំពីមេរោគ HPV នៅលើបណ្តាញសង្គម ខណៈក៏ទទួលបានសន្ទុះនូវការចូលទស្សនានិងចែករំលែកយ៉ាងខ្លាំងពីមហាជន។ ស្រាប់តែវេជ្ជ.ឯក ម៉េងលី ចេញមុខមកប្រតិកម្មភ្លាមៗនិងបានបកស្រាយយ៉ាងច្បាស់អំពីមេរោគនេះ កុំឲ្យមហាជនមានការយល់ច្រឡំនិងភ័យខ្លាចតាមពាក្យសម្តីរបស់នាងអី។
វេជ្ជ.ឯក ម៉េងលី ឯកទេសសម្ពពរោគស្រ្តី បានធ្វើ Reaction និងធ្វើការកែតម្រូវខ្លឹមសារខ្លះៗ ដែលនារីលក់អនឡាញរូបនោះបានលើកឡើងពីមេរោគ HPV។ អ្នកស្រីវេជ្ជបណ្ឌិតបានរៀបរាប់ថា «មនុស្សប្រុសអត់មានស្បូនពិតមែន តែអាចចម្លងមេរោគនេះមកកាន់មនុស្សស្រីតាមប្រដាប់ភេទគាត់ ចូលមកកាន់ទ្វារមាសស្រ្តីនិងតោងជាប់នឹងមាត់ស្បូន ដែលអាចឲ្យមនុស្សស្រ្តីអាចកើតជំងឺមហារីកមាត់ស្បូនបាន។ មេរោគ HPV មិនអាចបង្កឲ្យកើតជម្ងឺមហារីកប្រូស្តាត ឬក៏មហារីកពោះវៀនធំទេ។ ហើយសម្រាប់ស្រ្តីដែលឆ្លងមេរោគនេះដំណាក់កាលដំបូងគឺអាចព្យាបាល ជាដាច់ ១០០% ។ ចំពោះបុរសដែលត្រៀមនឹងកើតមហារីក ក៏មានវិធីសាស្រ្តព្យាបាលឲ្យជាដាច់ ១០០%ផងដែរ បើមានការពិនិត្យព្យាបាលតាមវេជ្ជបញ្ជាពេទ្យ»។
យ៉ាងណា បន្ទាប់ពីមានការចេញវីដេអូកែតម្រូវពីអ្នកស្រីវេជ្ជបណ្ឌិតហើយ នារីរូបនោះហាក់មិនដឹងកំហុស ថែមទាំងបង្ហោះសារមួយឃ្លាទៀតថា «ជាគ្រូពេទ្យសម្ភពម្នាក់នឹងគេដែរ តោងខ្ញុំយកល្បី កាត់វីដេអូខ្ញុំបាត់ដើមបាត់ចុង បញ្ចូលចម្លើយខ្លួនឯង ធ្វើចឹងខូចឈ្មោះពេទ្យស្រុកខ្មែរខ្ញុំអស់ហើយ ! ខ្ញុំអត់ប្រកាន់ទេ ខ្ញុំមិនឈ្លោះ មិនមេនសិនឈ្មោះឲ្យអ្នកគ្រូល្បីដូចបំណងទេ តែរៀនរកវិធីល្បីផ្សេង ប្រឹងប្រែងរៀនសូត្រឡើងវិញ កុំរវល់តែកែសម្ផស្សពេក!»។
ជាការឆ្លើយតប វេជ្ជ.ឯក ម៉េងលី បានមានប្រសាសន៍តាមរយៈការឡាយលើបណ្តាញសង្គមហ្វេសបុកកាលពីថ្ងៃទី ១៥ ខែធ្នូនេះថា «គាត់មិនដែលស្គាល់នារីលក់អនឡាញរូបនេះទេ តែដោយសារតែឃើញវីដេអូនោះ Viral ពេញ Tik Tok និងហ្វេសបុកត្រឹម១ថ្ងៃ មានអ្នកមើលរហូតដល់ មួយលានដងឯណ្ណោះ ខណៈដែលស្តាប់ទៅលើអត្ថន័យ និងការបកស្រាយវិញគឺខុសទាំងស្រុង។ ដូច្នេះហើយ គាត់ក៏បានធ្វើ Reaction នេះឡើងក្នុងគោលបំណងចែករំលែកខ្លឹមសារពិតប្រាកដទៅកាន់ប្រជាជន ជាពិសេសគឺនារីៗ កុំឲ្យមានការយល់ខុស។ ការធ្វើវីដេអូនេះមិនមែនក្នុងន័យសើចចំអកឬតោងល្បីនោះទេ»៕










