ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្រសួងវប្បធម៌នឹងស្នើសុំចុះបញ្ជីប្រពៃណីបណ្តែតប្រទីប (Loy Krathong Festival) នៅប្រទេសថៃ គឺជាបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ (UNESCO) នៅខែមីនា ឆ្នាំ២០២៥ ។ បច្ចុប្បន្ន ស្ថាប័នពាក់ព័ន្ធកំពុងសិក្សាពីចំណុចលម្អិត និងត្រួតពិនិត្យឯកសារឱ្យបានត្រឹមត្រូវមុនពេលបញ្ជូនទៅអង្គការយូណេស្កូ ។
.png)
លោកស្រី Sudawan Wangsuphakijkosol រដ្ឋមន្ត្រីក្រសួងវប្បធម៌និយាយថា កិច្ចប្រជុំគណៈកម្មការលើកកម្ពស់ និងអភិរក្សបេតិកភណ្ឌវប្បធម៌ បានឯកភាពឱ្យនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ប្រកាសពីការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៅឆ្នាំ២០២៤ ចំនួន១០ប្រភេទ ។ ក្រសួងវប្បធម៌បានប្រកាសពីការចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាតិ ចាប់ពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ន សរុបចំនួន៣៩៦ប្រភេទ ។

កន្លងមក ប្រទេសថៃបានចុះបញ្ជីជាមួយអង្គការយូណេស្កូ ដូចជា ៖ ល្ខោនខោល, ម៉ាស្សា, របាំមនោរ៉ា និងសង្ក្រាន្ត គឺជាបេតិកភណ្ឌវប្បធម៌អរូបី ។ បន្ទាប់មក កិច្ចប្រជុំបានឯកភាពចុះបញ្ជីប្រពៃណីបណ្តែតប្រទីប ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាមួយអង្គការយូណេស្កូ ដោយចាត់តាំងឱ្យនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ និងគណៈកម្មការពាក់ព័ន្ធសិក្សាពីចំណុចលម្អិត និងត្រួតពិនិត្យឯកសារឱ្យបានត្រឹមត្រូវ បន្ទាប់មក នឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីត្រួតពិនិត្យ មុនពេលបញ្ជូនទៅអង្គការយូណេស្កូ នៅខែមីនា ឆ្នាំ២០២៥ ។
រដ្ឋាភិបាល និងក្រសួងវប្បធម៌ថៃតែងតែផ្តល់ភាពសំខាន់លើបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីឱ្យពលរដ្ឋស្រឡាញ់ និងផ្តល់តម្លៃលើវប្បធម៌ជាតិដែលបន្តពីដូនតា ។ ការស្រឡាញ់វប្បធម៌នឹងធ្វើឱ្យពលរដ្ឋចេះសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបង្ហាញពីជីវិតរស់នៅក្នុងសង្គម ដូចជា ៖ ការបរិភោគ, ការរស់នៅ, ការទំនាក់ទំនង និងសហការគ្នា ។
ហេតុនេះ វប្បធម៌នឹងជួយជំរុញសេដ្ឋកិច្ច និងក្លាយជា Soft Power ឱ្យគេស្គាល់នៅទូទាំងពិភពលោក ។ ក្រៅពីនេះ រដ្ឋាភិបាលថៃក៏បានកំណត់គោលនយោបាយឱ្យគ្រួសារពលរដ្ឋជួយជំរុញ Soft Power ផងដែរ ពីព្រោះពលរដ្ឋជាប្រភពនៃការទំនាក់ទំនង ។
គួរបញ្ជាក់ថា ពិធីបុណ្យបណ្តែតប្រទីប មិនមែនមានតែនៅប្រទេសថៃមួយទេ គឺប្រទេសផ្សេងៗក៏បានរៀបចំពិធីបុណ្យនេះដែរ ដូចជា ៖ កម្ពុជា, ឡាវ និងមីយ៉ាន់ម៉ា គ្រាន់តែការរៀបចំពិធីបុណ្យមានលក្ខណៈខុសៗគ្នាទៅតាមជំនឿរបស់ប្រទេសនីមួយៗ ៕










