តារាពហុជំនាញ ខាត់ សុឃីម ដែលអ្នកគាំទ្រទទួលស្គាល់យ៉ាងទូលំទូលាយជាគ្រួសារលើកស្ទួយសិល្បៈខ្មែរបានស្នើឱ្យពលរដ្ឋខ្មែរសិក្សាពីវប្បធម៌និងអរិយធម៌ខ្លួនឯងឱ្យច្បាស់នោះគ្មានប្រទេសជិតខាងណាមកលាបពណ៌ចោទយើងចម្លងគេនោះទេ។ អ្នកនាងក៏បានលើកពីចំណុចបវរកញ្ញាដែលយកវប្បធម៌សិល្បៈខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិកុំយកបង្ហាញហើយទុកចោលសូមរក្សានិងសិក្សាបន្ថែមទៀត។

ថ្លែងប្រាប់អ្នកសារព័ត៌មានអ្នកនាង ខាត់ សុឃីម បានផ្តល់បទសម្ភាសន៍ថា សិល្បៈវប្បធម៌គឺពិតជាសំខាន់ខ្លាំងណាស់។ អ្នកនាងបានលើកឧទាហរណ៍ពីការទៅប្រលងកម្មវិធី Miss Universes ឬបវរកញ្ញាផ្សេងទៀតលំដាប់ថ្នាក់ពិភពលោកគឺតែងតែដកស្រង់នូវអ្វីដែលល្អៗដែលពាក់ព័ន្ធជាមួយនឹងវប្បធម៌និងអរិយធម៌ខ្មែរយើងយកទៅបង្ហាញនៅលើឆាកអន្តរជាតិ ប៉ុន្តែនៅពេលបង្ហាញរួចរាល់ហើយយើងបែរទុកចោលវិញ។
តារាពហុជំនាញរូបនេះបានស្នើសុំឱ្យទស្សនិកជនយល់ថារឿងនេះគឺជារឿងដ៏សំខាន់បើយើងមិនមានសិល្បៈវប្បធម៌ យើងមិនមានអត្តសញ្ញាណជាតិ សូមរក្សាជួយផ្សព្វផ្សាយក៏ដូចជាហាត់រៀនបន្ថែម។ ក្នុងនោះអ្នកនាង ខាត់ សុឃីម ថាអ្នកខ្លះមិនបានដឹងពីវប្បធម៌ខ្លួនឯងឡើយដឹងតែតាមគេ ដូច្នេះសូមឱ្យរៀនបន្ថែមពីវប្បធម៌និងអរិយធម៌របស់ខ្មែរដ៏រុងរឿង បើមិនចង់ឱ្យវប្បធម៌ប្រពៃណីទំនៀមទម្លាប់ល្អរបស់យើងបាត់បង់ទៅ ដើម្បីកុំឱ្យប្រទេសជិតខាងដែលឈ្លោះទាស់ទែងគ្នារាល់ថ្ងៃ ។ 
សិល្បការិនីរូបនេះថា រៀនឱ្យច្បាស់ឱ្យដឹងនៅពេលដឹងច្បាស់ហើយយើងមិនអាចនិយាយបានថាអ្នកនេះលួច អ្នកនេះចម្លង គេចោទយើងបាននោះទេយើងដឹងខ្លួនឯងច្បាស់រក្សា Color ខ្លួនឯងឱ្យច្បាស់មិនអាចមានអ្នកណាមកលាបពណ៌យើងបាន។
គួរបញ្ជាក់ផងដែរថា ចំពោះបញ្ហាវប្បធម៌រវាងប្រទេសកម្ពុជានិងប្រទេសថៃតែងតែមានជម្លោះនៅលើបណ្តាញសង្គមជារៀងរាល់ថ្ងៃនិងបានចោទគ្នាថាអ្នកនេះចម្លងអ្នកនោះ អ្នកនោះចម្លងនេះមិនស្រាកស្រាន្តឡើយ ដូច្នេះការសិក្សាឱ្យច្បាស់ពីសិល្បៈវប្បធម៌ខ្លួនឯងគឺជារឿងសំខាន់ដែលកូនខ្មែរត្រូវយល់ដឹងកុំឱ្យបាត់បង់ទើបស្តាយក្រោយ៕










