សហរដ្ឋអាមេរិក ៖ ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទស្សនាវដ្តី TIME ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោក Donald Trump ប្រធានាធិបតីអាមេរិកថ្មីថ្លែងថា លោកនឹងប្រើប្រាស់កម្លាំងកងទ័ពដើម្បីបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីទឹកដីអាមេរិក ។
ពេលសារព័ត៌មានសួរពាក់ព័ន្ធនឹងច្បាប់អាមេរិក ដែលពុំអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងទ័ពនៅអាមេរិក លោក Trump ថ្លែងថា ការចូលមករស់នៅអាមេរិកដោយខុសច្បាប់ចាត់ទុកថា គឺជាការរុករាន ហើយអាមេរិកចាំបាច់ត្រូវតែទប់ស្កាត់ ។ ខ្ញុំយល់ថា វាជាការរុករានប្រទេសយើង ទើបយើងត្រូវប្រើប្រាស់កម្លាំងទ័ពបណ្តេញពួកគេចេញតាមលទ្ធភាពដែលអាចធ្វើបាន ។
ទោះយ៉ាងណា លោកពុំបានលើកឡើងពីការសាងសង់កន្លែងឃុំឃាំងថ្មីសម្រាប់ឱ្យជនអន្តោប្រវេសន៍ខុសច្បាប់រង់ចាំត្រឡប់ទៅប្រទេសកំណើតទេ ដោយលោកគ្រាន់តែបញ្ជាក់ថា រដ្ឋាភិបាលបានកំណត់គោលដៅនិរទេសជនអន្តោប្រវេសន៍ទាំងនេះឱ្យបានឆាប់រហ័សបំផុត ហើយលោកចង់ឱ្យពួកគេចាកចេញទៅប្រទេសកំណើតវិញ ។
ដោយឡែក ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន NBC News កាលពីថ្ងៃទី៨ ខែធ្នូ កន្លងមក លោក Trump ថ្លែងថា លោកបានកំណត់គោលដៅនិរទេសជនបរទេសមករស់នៅអាមេរិកខុសច្បាប់ទាំងអស់ ក្នុងអំឡុងពេលលោកកាន់តំណែងប្រធានាធិបតីអាមេរិករយៈពេល៤ឆ្នាំ ។ វាជាភារកិច្ចដ៏ធំមួយដែលនឹងប៉ះពាល់គ្រួសាររាប់លាននាក់ និងប៉ះពាល់អាជីវកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មបរទេស ជាពិសេស ផ្នែកកសិកម្ម ។

តាមលទ្ធផលការស្ទង់មតិរបស់បណ្តាញវិទ្យុ និងទូរទស្សន៍អាមេរិកបង្ហាញថា អ្នកឆ្លើយតបការស្ទង់មតិ ស្មើ៨២% បានស្នើឱ្យលោក Trump បញ្ជាទៅប៉ូលិសអន្តោប្រវេសន៍ និងសមត្ថកិច្ចយាមល្បាតនៅតំបន់ព្រំដែន ។ រីឯអ្នកឆ្លើយតប៤០% គាំទ្រឱ្យអាមេរិកប្រើប្រាស់កម្លាំងទ័ពនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ ៕










