ប្រទេសថៃ ៖ ក្រោយពីពលរដ្ឋថៃមួយចំនួនបានព្យាយាមឱ្យប្រទេសថៃលុបចោលកិច្ចព្រមព្រៀង MOU ឆ្នាំ២០០១ ជាមួយប្រទេសកម្ពុជា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃបានលើកឡើងថា លោកនឹងបញ្ជាក់ទៅសមាជិកគណបក្សភឿថៃ អំពីមូលហេតុនៃការធ្វើកិច្ចព្រមព្រៀងនេះ ក្នុងអំឡុងពេលដែលលោកនៅកាន់តំណែងជានាយករដ្ឋមន្ត្រីសម័យនោះ ដើម្បីឱ្យសមាជិកសភាដឹងច្បាស់ថា កោះគុត គឺជាកម្មសិទ្ធិរបស់ថៃ ១លានភាគរយ ។ នេះបើតាមការលើកឡើងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងកម្មវិធីមួយ ។
លោក ថាក់ស៊ីន ថែមទាំងបាននិយាយបន្ថែមទៀតថា សារព័ត៌មានកម្ពុជាខ្លះបានផ្សព្វផ្សាយអំពីកោះគុត ថាមិនមែនជាកម្មសិទ្ធិរបស់ថៃ គឺពុំពិតឡើយ ។ លោកបានបញ្ជាក់បន្ថែមទៀតថា សម័យនេះ វាងាយស្រួលបង្កើតព័ត៌មានក្លែងក្លាយដោយប្រើប្រាស់បច្ចេកវិទ្យា AI ដែលគួរឱ្យបារម្ភ ។ ពេលខ្លះ វាជាព័ត៌មានពិត ហើយពេលខ្លះទៀត ជាព័ត៌មានមិនពិត ចឹងហើយ អ្នកតាមដានព័ត៌មានត្រូវតែស្តាប់ហេតុផល និងខ្លឹមសារឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងវិនិច្ឆ័យ ។ ចំណែក MOU គឺជាកិច្ចព្រមព្រៀងដើម្បីមានការពិភាក្សាពីបញ្ហាដែលពុំទាន់បានឯកភាពគ្នាប៉ុណ្ណោះ វាមិនមែនមានន័យថា កិច្ចព្រមព្រៀងនេះបញ្ចប់ ឬកោះគុត គឺជារបស់កម្ពុជានោះទេ ។ ហេតុនេះ MOU គឺជាការកំណត់ថា តើប្រទេសទាំងពីរ កម្ពុជា ថៃ នឹងពិភាក្សាគ្នាពីរឿងអ្វី ។
ដោយឡែក លោក ស៊ុនធិ លីមថងគុល អតីតមេដឹកនាំសម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ បានអំពាវនាវឱ្យបើកវេទិកាសាធារណៈស្តាប់មតិយោបល់ពីរឿងកោះគុត ។ រីឯលោក ថាក់ស៊ីន បានបញ្ជាក់ថា វាជាការណែនាំមួយល្អ ប៉ុន្តែត្រូវពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជាមុនសិន ថាតើលោកស្រីមានយោបល់ដូចម្តេច? បើទោះជាយ៉ាងណា យើងគួរតែស្តាប់មតិយោបល់ពីគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធនឹងកោះគុត ។
.png)
បច្ចុប្បន្ន រដ្ឋាភិបាលបានប្តូរទៅជារដ្ឋាភិបាលគណបក្សភឿថៃ គោរពលទ្ធិប្រជាធិបតេយ្យ ហើយពលរដ្ឋមានសិទ្ធិទាមទារអ្វីក៏បាន រដ្ឋាភិបាលរីករាយនឹងស្តាប់យោបល់ពលរដ្ឋ ។ ប៉ុន្តែយើងត្រូវស្តាប់មតិយោបល់ភាគច្រើន ហើយបើយោបល់ភាគច្រើនពុំឯកភាពទេ យើងក៏ត្រូវយល់ស្រប ។.png)
លោកបានបន្ថែមថា មនុស្សខ្លះនិយាយថា ថៃប្រគល់កោះគុតឱ្យកម្ពុជា គឺអ្នកនិយាយពុំបានអានខ្លឹមសារទេ ការពិត កោះគុតជារបស់ថៃយូរហើយ និងស្ថិតក្នុងសន្ធិសញ្ញារវាងសៀមជាមួយបារាំង ដែលគ្រប់គ្រងកម្ពុជាសម័យនោះថា កោះគុត ជារបស់ថៃ ហើយកោះកុង ជារបស់កម្ពុជា ។ លោកបានបន្ថែមថា ចូរកុំលើកឡើងពីបញ្ហា MOU ពីព្រោះគ្មានអ្នកណាទៅលក់ជាតិទេ រីឯតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រ ក៏ពុំទាន់មានការឯកភាពអ្វីទាំងអស់ ពីព្រោះអ្វីៗច្បាស់លាស់ហើយ ។ មនុស្សខ្លះទៀតថា ខ្ញុំមានទំនាក់ទំនងជាមួយកម្ពុជា ខ្ញុំសូមបញ្ជាក់ថា យើងជាមិត្តភក្តិល្អនឹងគ្នា មិនមែនមានន័យថា ការរាប់អានគ្នាជាមិត្តភក្តិ ស្រាប់តែប្រគល់ទឹកដីឱ្យគេនោះទេ បែបនេះហៅថាគឺជា «សត្វក្របី» ។ នេះបើតាមការលើកឡើងរបស់លោក ថាក់ស៊ីន ក្នុងកម្មវិធីមួយកាលពីថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៤នេះ ។
សូមរំលឹកផងដែរថា កន្លងមក នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ធ្លាប់បានថ្លែងថា កោះកុត គឺជារបស់ថៃ ហើយថៃនឹងពុំព្រមបាត់បង់កោះនេះទេ។ លោកស្រីនឹងគិតពីផលប្រយោជន៍ជាតិជាធំ សូមពលរដ្ឋឈប់បារម្ភពីការបាត់បង់កោះកុត ទៀតទៅ ។

លោកស្រីថ្លែងថា ៖ «កោះកុត ជារបស់ថៃយូរហើយ កម្ពុជាក៏បានដឹងដែរថា កោះកុតជារបស់ថៃតាមសន្ធិសញ្ញាបារាំង ។ រដ្ឋាភិបាលថៃនឹងពុំព្រមបាត់បង់កោះនេះទេ យើងពុំធ្លាប់មានបញ្ហាជាមួយកម្ពុជា ប៉ុន្តែពលរដ្ឋថៃយល់ខុស ។ ការចុះកិច្ចព្រមព្រៀង MOU ឆ្នាំ២០០១ រវាងថៃ និងកម្ពុជានៅតែដំណើរការ គ្មានការលុបចោលទេ បើលុបចោលត្រូវមានការយល់ព្រមពីប្រទេសទាំងពីរ ហើយបើថៃលុបចោលនឹងត្រូវកម្ពុជាប្តឹងមិនខាន» ។
.png)
សូមពលរដ្ឋកុំយករឿងនយោបាយមកលាយឡំនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងថៃ និងកម្ពុជា ។ រីឯបញ្ហាថាមពលក្រោមសមុទ្រ ថៃនឹងសិក្សាលម្អិតពីការបែងចែកគ្នាជាមុន ដើម្បីឱ្យប្រទេសទាំងពីរទទួលបានផលប្រយោជន៍យ៉ាងយុត្តិធម៌ ។ ខ្ញុំជាពលរដ្ឋថៃ១០០% ខ្ញុំគិតពីប្រយោជន៍ជាតិ និងពលរដ្ឋជាធំ រដ្ឋាភិបាលនឹងរក្សាទឹកដីមិនឱ្យបាត់បង់ ។.png)
សូមរំលឹកថា បើយោងតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ បារាំងបានកំណត់ថា ៖ កម្ពុជាទទួលបានដីមួយផ្នែកធំនៃកោះនេះ ឬស្មើនឹង ២/៣ នៃកោះគុតទាំងមូល រីឯភាគីថៃទទួលបានដី ១/៣ នៃកោះ ។ សូមរំលឹកថា ប្រទេសថៃធ្លាប់មានបទពិសោធន៍ចាញ់ក្ដីជាមួយកម្ពុជាម្ដងរួចមកហើយ រឿងប្រាសាទព្រះវិហារ ។
សារព័ត៌មាន KBN NEWS សូមបញ្ជាក់ថា រាល់ព័ត៌មានទាំងអស់ដែលបានលើកឡើងយកមកផ្សាយទាំងអស់ខាងលើនេះ គ្រាន់តែជាការបកប្រែក្រៅផ្លូវការពីប្រភពបណ្តាញព័ត៌មានថៃ និងការលើកឡើងអះអាងពីភាគីថៃតែម្ខាងប៉ុណ្ណោះ ។ ព័ត៌មានលម្អិតពេញលេញគ្រប់ជ្រុងជ្រោយ KBN NEWS នឹងផ្សាយជូនមហាជនបន្ថែមទៀត នៅពេលដែលទទួលបានការបកស្រាយពីប្រភពថ្មីបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ៕










