តារាចម្រៀង ចិត្ត កញ្ចនា បានតំណាងប្រទេសកម្ពុជាជាថ្មីចូលរួមក្នុងកម្មវិធី KOREA MUSIC FESTIVAL 2024 ROUND in Laos ដែលក្នុងនោះមានតារាចម្រៀងល្បីឈ្មោះ BamBam សមាជិក GOT7 ចូលរួមក្នុងកម្មវិធីក្នុងនាមជាពិធីករ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ចិត្ត កញ្ចនា បានច្រៀងបទចម្រៀងជាភាសាខ្មែរ ថែមទាំងច្រៀងលាយជាភាសាឡាវបានយ៉ាងល្អគួរឱ្យសរសើរ។

គេចាំបានថាកាលពីខែសីហា តារាចម្រៀង ចិត្ត កញ្ចានា បានធ្វើឱ្យប្រជាជនខ្មែររួមទាំងប្រជាជនកូរ៉េផងភ្ញាក់ផ្អើលមិនតិចនោះទេនៅមាននាងចូលរួមកម្មវិធីមហោស្រពអន្តរជាតិ Round Festival នៅប្រទេសកូរ៉េមិនត្រឹមតែបកស្រាយបទចម្រៀងជាភាសាជាតិរបស់ខ្លួន តារាចម្រៀងរូបនេះបានច្រៀងលាយទាំងភាសាកូរ៉េថែមទៀតទៅលើបទ «កម្លាំងចិត្ត» ដើម្បីឱ្យប្រជាជនកូរ៉េបានយល់ពីអត្ថន័យបទចម្រៀងរបស់ខ្លួនធ្វើឱ្យអ្នកចូលរួមស្រែកហ៊ោកងរំពង។
មិនយូរប៉ុន្មាន តារាចម្រៀងរូបនេះបានលេចមុខតំណាងកម្ពុជាជាថ្មីដែលមានការចាក់ផ្សាយនៅលើឆាណែលយូធូប KBS world នៅថ្ងៃទី១៣ ធ្នូ ក្នុងកម្មវិធី KOREA MUSIC FESTIVAL 2024 ROUND in Laos សម្រាប់ខួបលើកទី៣៥នៃទំនាក់ទំនងអាស៊ាន កូរ៉េ ខណៈមានតារាចម្រៀង BamBam សមាជិក GOT7 ធ្វើជាពិធីករកិត្តិយសក្នុងកម្មវិធី។
ការចូលរួមជាថ្មីរបស់ កញ្ចនា អ្នកគាំទ្រក៏មានការភ្ញាក់ផ្អើលម្តងទៀតព្រោះតែតារាចម្រៀងរូបនេះបកស្រាយបទចម្រៀងរបស់ខ្លួនមានចំណងជើងថា «It’s Okay» ដោយរូបនាងបានច្រៀងជាភាសាខ្មែរផងនិងលាយជាភាសាឡាវផងដែលធ្វើឱ្យមានការចាប់អារម្មណ៍មិនតិចនោះទេសម្រាប់ទស្សនិកជនឡាវ។
គួរបញ្ជាក់ផងដែរថា មុននឹងបង្ហាញខ្លួនចូលរួមកម្មវិធីកូរ៉េដែលរៀបចំនៅប្រទេសឡាវ កញ្ចនា និងក្រុមការងាររបស់នាងក៏ទើបតែបានតំណាងប្រទេសកម្ពុជាសម្តែងនៅប្រទេសឥណ្ឌាផងដែរ៕










